ប្រទេសនៅតំបន់ទន្លេមេគង្គ និងអ្នកជំនាញ បើកសិក្ខាសាលាថ្នាក់តំបន់ ពិភាក្សាពីទស្សនវិស័យអនាគតនៃទន្លេមេង្គ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ — តំណាងប្រទេសនៅតំបន់ទន្លេមេគង្គ និងអ្នកជំនាញមកពីសហរដ្ឋអាមេរិក  ចិន កូរ៉េខាងត្បូង និងឥណ្ឌាជាដើម បានបើកកិច្ចប្រជុំពិភាក្សាស្តីពីបញ្ហាលើទស្សនវិស័យអនាគត នៃទន្លេមេគង្គ ដើម្បីរកដំណោះស្រាយក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រដល់ប្រជាជន។

ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីទស្សនវិស័យអនាគតនៃទន្លេមេគង្គ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម ពូ សុធីរៈ នាយកវិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការ  និងសន្តិភាព(CICP) បានបញ្ជាក់ថា សិក្ខាសាលានេះគឺដើម្បីពិភាក្សាគ្នា និងលើកបញ្ហានានា នៅតំបន់ទន្លេមេគង្គ ក្នុងនោះក៏មានការអភិវឌ្ឍនៅតំបន់នេះផងដែរ។

ឯកឧត្ដមបានបន្ដថា វេទិកានេះគឺយើងជួបជុំគ្នារវាងអ្នកឯកទេស ឬអ្នកមានជំនាញ អ្នកស្រាវជ្រាវជាន់ខ្ពស់  និងអ្នកតាមដានសកម្មភាព ពាក់ព័ន្ធនឹងការវិវត្តនៃវិស័យនានា ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និងការពារជាតិជាដើម ដើម្បីពិភាក្សាផ្លាស់ប្តូរគ្នា ពីបញ្ហាប្រឈមផ្សេងៗ ចំពោះការវិវត្ត រហូតដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

ឯកឧត្ដមបានបន្ដទៀតថា កិច្ចប្រជុំពិភាក្សាដែលមានរយៈពេល១ថ្ងៃកន្លះនេះ ក៏នឹងធ្វើការសិក្សាធ្វើយ៉ាងណាចូលរួមកាត់បន្ថយភាពក្រីក្រ ដល់ប្រជាជននៅថ្នាក់ក្រោម ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានផលប្រយោជន៍ ពិសេសនោះអ្នករស់នៅ តាមដងទន្លេមេគង្គ។

ជាមួយគ្នានេះ សម្រាប់មតិយោបល់ដែលតំណាងប្រទេសដែលបានចូលរួម ក៏ដូចជាអ្នកជំនាញនានានៅថ្ងៃនេះក៏នឹងត្រូវចងក្រងជាឯកសារ សម្រាប់ធ្វើការផ្សព្វផ្សាយទៅ ដល់អ្នកនយោបាយ ឬថ្នាក់ដឹកនាំប្រទេសផងដែរ ប៉ុន្ដែ មិនមែនសម្រាប់តែនៅកម្ពុជានោះទេ។

ឯកឧត្ដមក៏បានអះអាងថា បញ្ហាតំបន់ទន្លេមេគង្គ គឺជាបញ្ហាដែលត្រូវបានបណ្តា ប្រទេសនានាកំពុងយកចិត្តទុកដាក់ ហើយកម្ពុជាគឺជាប្រទេសមួយសំខាន់ណាស់ដែល ជាប់នៅដងទន្លេមេគង្គនេះ។ ទន្ទឹមនេះ កម្ពុជាគឺជាប្រទេសមួយដែលទទួលអំណោយផល ច្រើនពីគម្រោងផ្សេងៗដែលបណ្តា ប្រទេសជាមិត្តបានរៀបចំចងក្រងសម្រាប់ជួយ ដូចជា ប្រទេសចិន,  ជប៉ុន, កូរ៉េខាត្បូង, ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក ជាដើម។

ក្នុងកិច្ចប្រជុំពិភាក្សាគ្នានោះដែរ ភាគីទាំងអស់ក៏នឹងជជែកពិភាក្សាគ្នា អំពីការជួយ មកលើកម្ពុជាដើម្បីចៀសវាងជាន់គ្នានៃគម្រោងតាមបណ្តាប្រទេសនានា។ កក្តានេះក៏មិន ធ្វើឱ្យមានភាពរីកចម្រើន  រហូតដល់ធ្វើការប្រកួតប្រជែងគ្នាថែមទៀត។

ឯកឧត្ដម ពូ សុធីរៈ ក៏បានលើកឡើងទៀតថា “វេទិកានេះគឺជជែកពិភាក្សាគ្នា ដើម្បីរកវិធីសាស្ត្រអ្វីដើម្បីឱ្យគេចង់ជួយតំបន់នេះ  រាប់ទាំងកម្ពុជា ធ្វើឱ្យគេជួយដោយស្រួល ហើយកម្ពុជាយើងទទួលបានផលប្រយោជន៍ច្រើន ពិសេសនោះកាត់បន្ថយភាពក្រីក្រ និងធ្វើយ៉ាងណាការអភិវឌ្ឍ និងនិរន្តរភាព ព្រមទាំងការអភិវឌ្ឍដល់ប្រជាជនថ្នាក់ក្រោម”។

លោក  Michael Newbill ភារៈធារីនៃស្ថានទូតអាម៉េកប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ ២០១៩នេះ គឺជាឆ្នាំជាប្រវតិ្តសាស្រ្តមួយនៅក្នុងការទាក់ទងរបស់យើងជាមួយតំបន់ទន្លេមេគង្គ ហើយឆ្នាំនេះគឺជាខួបលើកទី១០ នៃគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម (LMI) ដែលត្រូវបានបង្កើតឡើង នៅ Phuket ប្រទេសថៃ ក្នុងឆ្នាំ ២០០៩។

លោកបានបន្ដថា “យើងចាត់ទុកការចូលរួមរបស់យើងជាមួយតំបន់មេគង្គថា ជាផ្នែកសំខាន់មួយនៃយុទ្ធសាស្រ្តរបស់យើងសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៃការខិតខំជា រួមរបស់យើងក្នុងការគាំទ្រសមាគមអាស៊ាន ដោយរួមទាំងតាមរយៈគម្រោងគំនិតផ្តួចផ្តើម សម្រាប់ សមាហរណកម្មអាស៊ាន ដែលមានបំណងបង្រួមគម្លាតគ្នាផ្នែកអភិវឌ្ឍន៍ រវាងបណ្តាប្រទេសអាស៊ាន ហើយជំរុញឯកភាពតំបន់”។

លោកបានចាត់ទុកសិក្ខាសាលានេះ គឺមានសារៈសំខាន់ ហើយផ្តល់វេទិកាចំហមួយ សម្រាប់អ្នកគិតគូរថ្នាក់តំបន់ធ្វើការផ្លាស់ប្តូរយោបល់គ្នា ស្តីពីវិធីធ្វើយ៉ាងណាដើម្បីរក្សា និងគ្រប់គ្រងធនធានដ៏អស្ចារ្យ គឺទន្លេមេគង្គដ៏ “ធំវែង”។

លោកបានបន្ថែមថា ប្រទេសទាំងពីរនេះគឺ ជាប្រធាននៃកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០១៩ និង២០២០ ប្រទេសឡាវ មីយ៉ាន់ម៉ា និងប្រទេសកម្ពុជាគឺជាតំបន់ដែលមាន សេដ្ឋកិច្ចលូតលាស់យ៉ាងខ្លាំង តែប្រឈមនឹងបញ្ហាអភិបាលកិច្ច ហើយងាយរងនឹងសម្ពាធ សេដ្ឋកិច្ចពីខាងក្រៅ។ ជាមួយគ្នានេះ យុទ្ធសាស្រ្តរបស់យើងចំពោះតំបន់ទន្លេមេគង្គដើរ តាមគោលការណ៍ដែលជាគ្រឹះនៃវិបុលភាព នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រាប់ទសវត្សរ៍មកហើយ ហើយដែលជាស្នូលនៃយុទ្ធសាស្រ្តប្រចាំតំបន់របស់យើង ពោលគឺការប្តេជ្ញាចិត្តចំពោះអធិបតេយ្យភាព តម្លាភាព អភិបាលកិច្ចល្អ សមាគមអាស៊ានជាស្នូលមួយ និងរបៀបរបបផ្អែកលើច្បាប់ទម្លាប់ ដោយគោរពចំពោះ ច្បាប់អន្តរជាតិ។

លោកភារៈធារីបានបន្ថែមទៀតថា ទាក់ទងផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នៅតំបន់ទន្លេមេគង្គមានភាពជ្រាលជ្រៅ ដោយនៅឆ្នាំ២០១៧ ការវិនិយោគរបស់ យើងមានទឹកប្រាក់ចំនួន១៧ពាន់លានដុល្លារ ពាណិជ្ជកម្មទៅមកមានតម្លៃ១០៩ពាន់ លានដុល្លារ នៅឆ្នាំ២០១៨។ សូមជម្រាបថា សិក្ខាសាលានេះ មានអ្នកចូលរួមមានមកពីសហរដ្ឋអាមេរិក  ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ  និងវៀតណាម៕

ដោយ ប៊ុនរិទ្ធ