ពលរដ្ឋប្រមាណ៧០នាក់ នៅសៀមរាប ទទួលបានចំណេះដឹងពីការដាក់ប្រាក់និងខ្ចីប្រាក់ និងសន្សំប្រាក់ពីមីក្រូហិរញ្ញវត្ថុដើម្បីធានាឱ្យមានប្រសិទ្ធភាព

AKP សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ -ប្រជាពលរដ្ឋនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាបប្រមាណ៧០នាក់ ទទួល​បានការបណ្ដុះបណ្ដាលផ្នែកសេវាកម្មហិរញ្ញវត្ថុ ពីមីក្រូហិរញ្ញវត្ថុអម្រិត មុននឹងផ្ដល់ប្រាក់កម្ចី និងមុនពួកគាត់ដាក់ប្រាក់សន្សំក្នុងធនាគារ ឬគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាព ដើម្បីលុបបំបាត់ផល់ប៉ះពាល់សេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសាររបស់ពួកគាត់។ វគ្គបណ្ដុះបណ្ដាល​ស្ដីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះមានរយៈ៤ថ្ងៃក្នុងខេត្តសៀមរាបចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមចុះឈ្មោះចូលរៀនចំនួន៣០០នាក់។​

កញ្ញា កែវ ធីតា មន្ត្រីជាន់ខ្ពស់ផ្នែកបរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានឱ្យដឹងថា បច្ចុប្បន្ននេះ មានធនាគារ និងសេវាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សេវាកម្មឥណទាន បាននិងកំពុងរីកដុះជាច្រើននៅក្នុងប្រទេសកម្ពុជា ដូច្នេះមីក្រូហិរញ្ញវត្ថុអម្រឹតត្រូវផ្ដល់​ចំណេះ​ដឹង​ដល់ពួកគាត់ ពីការខ្ចីប្រាក់ និងដាក់ប្រាក់នៅក្នុងសេវាមីក្រូហិរញ្ញវត្ថុទាំងនោះ ដើម្បីចៀស​វាងផល់ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ខណៈមានអង្គការផ្ដល់ប្រាក់កម្ចី និង​​សេវាឥណទានប្រាក់កម្ចីតូចៗ និងក្រុមសន្សំប្រាក់ដែលគ្មានច្បាប់ បាននិងកំពុងបង្កបញ្ហាដល់​ប្រជាពលរដ្ឋជាបន្ដបន្ទាប់។ កញ្ញាបានបន្ដថា ក្រុមអ្នកជំនាញហិរញ្ញវត្ថុ អម្រិត បានយកចិត្ដ​ទុកដាក់ និងបានពន្យល់ប្រាប់ប្រជាពលរដ្ឋ ឱ្យចេះសន្សំប្រាក់ជាមួយធនាគារ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុប្រភេទណា ដែលមានច្បាប់អនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីឱ្យ​មានសុវត្ថិភាព ព្រោះកន្លងមកប្រជាពលរដ្ឋនៅតាមជនបទ ពួកគាត់បានសន្សំប្រាក់តាម​របៀបបុរាណ ដូចជាដាក់តាមក្រោមកន្ទេល ស្រោមខ្នើយ កូនជ្រូកធ្វើពីដីជាដើម ដែលជា​ហេតុធ្វើឱ្យពួកគាត់មានការបាត់បង់សេដ្ឋកិច្ចគ្រួសារ។ កញ្ញាបន្ថែមថា ម្ចាស់ធនាគារ និងគ្រឹះ​ស្ថានហិរញ្ញវត្ថុ ត្រូវយល់ដឹងពីចំណេះដឹងរបស់ប្រជាពលរដ្ឋផងដែរ មុននឹងផ្ដល់ប្រាក់កម្ចីដល់​ពួកគាត់ចៀសវាងមានបញ្ហាកើតឡើងនៅពេលក្រោយ។ ជាមួយគ្នានោះ គ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុក៏បានពន្យល់ប្រជាពលរដ្ឋ ពីការថែរក្សាបរិស្ថាននៅក្នុងសង្គមគ្រួសារផងដែរ ដើម្បីរក្សា​សុខភាពនៅក្នុងគ្រួសារ។

ប្រជាពលរដ្ឋនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលបានចូលរួមបណ្ដុះបណ្ដាល បានឱ្យដឹងដូចគ្នាថា កន្លងមកពួកគាត់មិនដែលទទួលបានបណ្ដុះបណ្ដាលពីសេវាកម្មមីក្រូ​ហិរញ្ញវត្ថុណាមួយនោះទេ ដោយទុកដាក់ និងសន្សំប្រាក់តែតាមសហគមន៍ ឬតាមរបៀប​បុរាណដូចជាដាក់ទុកលុយក្រោមកន្ទេល ឬស្រោមខ្នើយ ជាដើម សម្រាប់ពេលនេះ ការការ​សន្សំប្រាក់ ឬខ្ចីប្រាក់ពីសេវាកម្មមីក្រូហិរញ្ញវត្ថុ ត្រូវកន្លែងណាដែលមានច្បាប់​អនុញ្ញាត។ ពួកគាត់បានឱ្យដឹងដែរថា ចំណេះដឹងនេះពិតជាមានសារៈសំខាន់ណាស់ ដែលគ្រិះស្ថានមីក្រូ​ហិរញ្ញវត្ថបានបណ្ដុះបណ្ដាល់ដល់ពួកគាត់ ព្រោះពួកគាត់ជាពលរដ្ឋក្រីក្រ មានប្រាក់បន្ដិច​បន្ដួច​គ្រាន់ទុកសម្រាប់ផ្គត់ផ្គង់គ្រួសារតែប៉ុណ្ណោះ។

មន្ដ្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានឱ្យដឹងថា ការបណ្ដុះបណ្ដាលពីចំណេះដឹងលើ សេវា​កម្ម​ប្រាក់​សន្សំ និងប្រាក់កម្ចីនេះ គឺជាលើកទី១៧៧ហើយ ៕

ដោយ ឃុត សៅ