គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាបញ្ហាចម្បងដែលរាជរដ្ឋាភិបាល បាននិងកំពុងខិតខំយកចិត្តទុកដាក់ និងព្រួយបារម្ភ

AKP កែប ថ្ងៃទី១១ ​ខែមិថុនា ​ឆ្នាំ២០១៩ — ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាបញ្ហាចម្បងដែលរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត បាននិងកំពុងយកចិត្តទុកដាក់ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះកំណើនអត្រាមនុស្សស្លាប់ និងរបួសពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការលើកឡើងបែបនេះជាប្រសាសន៍របស់ លោក កែន សត្ថា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកែប នៅព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលរៀបចំឡើងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ការរៀបចំទិវាសប្តាហ៍ជាតិសុត្ថិភាពចរាចរណ៍ផ្លូវគោកនេះឡើងស្របពេលដែលថ្នាក់ជាតិបាននិងកំពុងរៀបចំទិវានេះនៅខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ លោក កែន សត្ថា បានសង្កត់ធ្ងន់ថា គ្រោះថ្នាក់ចរាចរណ៍ពេលកើតឡើងរមែងជួបផលវិបាកគ្រប់ជំពូកមកលើបុគ្គលគ្រួសារ សហគមន៍ និងប្រទេសជាតិរបស់យើង ហើយគ្រោះថ្នាក់ចរាចរណ៍នេះក៏បានក្លាយជាវិញ្ញាសារដ៏ចម្បង និងការព្រួយបារម្ភយ៉ាងធំបំផុត ហើយក៏ជាកត្តាមួយធ្វើឱ្យអន្តរាយដល់អាយុជីវិតមនុស្ស សត្វ បរិស្ថាន ការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដោយមិនទាន់និយាយពីការបន្សល់ទុកនូវស្ត្រីម៉េម៉ាយ កូនកំព្រា ការនិរាសព្រាត់ប្រាស់ក្នុងក្រុមគ្រួសារ និងជនពិការឡើយ ។ ជាក់ស្តែងនៅឆ្នាំ២០១៨កន្លងទៅនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តកែបរបស់យើងបានកើនឡើងចំនួន៧១លើក បើប្រៀបធៀបនិងឆ្នាំ២០១៧ កើនឡើងចំនួន៩០លើក ថយចុះ១៩លើក ស្មើនឹង១,០៣ភាគរយ ។ គ្រោះថ្នាក់នេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣៣ , ៣៣A នៅលើផ្លូវខេត្ត និងផ្លូវលំជាដើម។

លោកអភិបាលខេត្តបានបន្តថា គ្រោះថ្នាក់ដូចខាងលើផ្តើមមកពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ ការបើកបរក្នុងស្ថានភាពស្រវឹង ការបើកវ៉ា ឬជែងដោយប្រថុយប្រថាន ការបត់មិនប្រុងប្រយ័ត្ន និងការមិនពាក់មួយសុវត្ថិភាពជាដើម។ ចំពោះគ្រោះថ្នាក់ដែលកើតឡើងផ្តើមឡើងដោយសារកត្តាបីយ៉ាង គឺកត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវថ្នល់ ប៉ុន្តែកត្តាចម្បងគឺកត្តាមនុស្សនេះឯងដែលប្រើប្រាស់ផ្លូវថ្នល់មិនគោរពច្បាប់ ដូចជា ការបើកបរហួសល្បឿនកំណត់ ការបើកបរដោយធ្វេសប្រហែស ពេលបើកបរសេពគ្រឿងស្រវឹងជាដើម។

សូមជម្រាបថា តាមរបាយការណ៍របស់ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងមកនេះ អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកែប ដែលមាន ឯកឧត្តម កែន សត្ថា អភិបាលខេត្ត ជាប្រធាន ដោយមានការរួមចំណែក និងសហការយ៉ាងល្អពីគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការងារនេះ ដែលមានសកម្មភាពជាច្រើនដូចជា សិក្ខាសាលា ផ្សព្វ ផ្សាយ ណែនាំ អប់រំ និងអនុវត្តន៍ផ្ទាល់យ៉ាងសកម្ម។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ទោះជាយ៉ាងនេះក្តីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តកែប ក្នុងឆ្នាំ២០១៨បើធៀបនឹងឆ្នាំ២០១៧ គឺមានការថយចុះ ១៩ករណី ដែលចំនួននេះនៅតែជាក្តីព្រួយបារម្ភរបស់យើងគ្រប់ៗគ្នា។ លោក​ ម៉ម ទូច​ បានបន្ថែមថា​ កន្លងមកមន្ទីរបានធ្វើពិធីផ្សព្វផ្សាយចំនួន ០៦លើក នៅតាមវិទ្យាល័យ អនុវិទ្យាល័យ ក្នុងភូមិសាស្ត្រក្រុង​ ស្រុក ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ និងបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន ៨៤៩នាក់ ក្នុងនោះបានចែកជូនដោយឥតគិតថ្លៃនូវមួកសុវត្ថិភាពចំនួន១២១មួក សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ៥៤៦ក្បាល​ បទបញ្ញតិ្តស្តីពីបទដ្ឋានបច្ចេកទេសសំខាន់ៗចំនួន ៨៧៦ច្បាប់ សៀវភៅ១០ចំណុចដើម្បីសុវត្ថិភាពចរាចរណ៍ចំនួន៤៤០ក្បាល ភៀវភៅអ្នកបើកបរយានយន្តគួរយល់ដឹងចំនួន ១.១៤១ក្បាល​ និងបិតផ្ទាំងរូបភាពផ្លាកសញ្ញាចរាចរណ៍ចំនួន ៤៨១ផ្ទាំងផងដែរ ៕

ដោយ ប្រាក់ លាង