ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៤

AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡា សិស្សនិស្សិតកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៤ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលធ្វើឡើងនៅសណ្ឋាគារ Green Palace រាជធានីភ្នំពេញ។

ក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០១៩នេះ ឯកឧត្តម ស សុខា បានថ្លែងក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន ព្រមទាំងប្រធានប្រតិភូ តំណាងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ដើម្បីប្រជុំតាមដាន និងបូកសារុបលទ្ធផលការងារប្រចាំឆ្នាំជូនក្រុមប្រឹក្សា ព្រមជាមួយនឹងការពង្រឹកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងសមាជិក និងសមាជិកនៃបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ។

ឯកឧត្តម ស សុខា បានស្នើប្រធាន អនុប្រធាន សមាជិក និងប្រតិភូតំណាងប្រទេសនានាក្នុងតំបន់ចាត់ទុកព្រះរាជាណាចក្រកម្ពុជាជាប្រទេសកំណើតរបស់ខ្លួន ដោយនៅក្នុងដំណើរកម្សាន្តទទួលបាននូវភាពរីករាយ និងពិសាម្ហូបអាហារឆ្ងាញ់ៗ ពីព្រោះថា ការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ គឺជាមោទនភាពដ៏ធំធេងរបស់កម្ពុជា អាស្រ័យលើកំណើនសេដ្ឋកិច្ចរីកចម្រើនដ៏រឹងមាំ នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា៕

ដោយ ហេង ណាលីន