រដ្ឋសភាជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ អនុវត្តន៍ច្បាប់ស្តីពីផលិតផលថ្នាំជក់នៅកម្ពុជាឱ្យមានប្រសិទ្ធភាព

AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ -នៅក្នុងសិក្ខាសាលា “ភាពជាអ្នកដឹកនាំក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំងជក់” ក្រោមកិច្ចសហការរៀបចំរវាងគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារី នៃរដ្ឋសភា ជាមួយក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះនៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍ថា ជាការពិតណាស់ទោះបីបញ្ហាថ្នាំជក់នេះមិនមែនកើតមានតែនៅប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែវាក៏ជាបញ្ហាចម្បងដែលកើតមាននៅក្នុងប្រទេសយើង និង បណ្តាប្រទេសនានាជាច្រើននៅលើសកលលោកផងដែរ។ បច្ចុប្បន្នបញ្ហានេះបានកំពុងបង្កឱ្យមាននូវផលវិបាក និងផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព អាយុជីវិតគ្រួសារ  សង្គម សេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល ដែលក្នុងនោះមានជាអាទិ៍ កើតជំងឺមិនឆ្លង ដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើម និងជំងឺទឹកនោមផ្អែម ។

ឯកឧត្តមបានបន្តថា ទាក់ទងនឹងការការពារជំងឺដែលបណ្តាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់វិញ រាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់នូវលិខិតបទដ្ឋានគតិយុត្តផ្សេងៗដូចជា ច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ អនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ប្រកាសស្តីពី វិធានការចំពោះការដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នំាជក់អនុក្រឹត្យ ស្តីពីវិធានការហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ប្រកាសស្តីពី ស្លាកបម្រាមនៃការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ ព្រមទាំងសកម្មភាព អប់រំផ្សេងៗទៀតដល់ប្រជាពល រដ្ឋ ឱ្យចៀសវាងឱ្យផុតពីការប្រើប្រាស់ថ្នាំជក់ ជាដើម។

ក្នុងន័យនេះ ក្នុងនាមរដ្ឋសភាឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអរគុណយ៉ាងជ្រាលជ្រៅនិងកោតសរសើរដល់រាជរដ្ឋាភិបាលចំពោះការចាត់វិធានការក្នុងការអនុវត្តការត្រួតពិនិត្យថ្នាំជក់ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងនានា ការបង្ហាញព័ត៌មានសមាសធាតុក្នុងផលិតផលថ្នាំជក់ និងការដាក់សារព្រមានសុខភាពលើកញ្ចប់បារី និងបានចាត់វិធានការការពារបរិយាកាសគ្មានផ្សែងផលិតផលថ្នាំជក់ ដែលមកទល់ពេលនេះ យើងមានមោទនភាពក្នុងការទទួលបានជោគជ័យក្នុងការទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់នៅប្រទេសកម្ពុជា។  ប៉ុន្តែយើងក៏នៅតែមានការព្រួយបារម្ភអំពីផលអវិជ្ជមាននៃការប្រើប្រាស់ផលិតផលថ្នាំជក់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព សេដ្ឋកិច្ច សង្គមនិងបរិស្ថាន ហើយបញ្ហានេះក៏ជាឧបសគ្គមួយក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) ផងដែរ។

ឯកឧត្តមបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តួនាទីសភាក្នុងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្តីពីការត្រួតពិនិត្យផលិត ផលថ្នាំងជក់ លើកកម្ពស់ការយល់ដឹងពីបញ្ហាប្រឈម និងហានិភ័យនៃផលិតផលថ្នាំជក់ក្នុង បរិបទកម្ពុជា និងសកលលោក ។ ដូច្នះអង្គសិក្ខាសាលាត្រូវចូលរួមពិភាក្សាពិគ្រោះយោបល់ ចែករំលែកនូវគំនិតយោបល់បទពិសោធន៍ល្អៗ ដើម្បីជាធាតុចូលបន្ថែមជាបន្ទាន់ ក្នុងការជំរុញការអនុវត្តច្បាប់ អនុក្រឹត្យ សេចក្តីប្រកាសនានាឱ្យមានប្រសិទ្ធភាព។

បើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត អ៊ឹង ភារុន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ទោះបីការអនុវត្តច្បាប់ផាកពិន័យពុំទាន់បានអនុវត្តន៍ក្តី តែប្រជាពលរដ្ឋគ្រប់ស្រទាប់មានការយល់ដឹងច្រើនអំពីគ្រោះថ្នាក់ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់នេះ ដែលមានអត្រានៃការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមមនុស្សពេញវ័យអាយុចាប់ពី១៨ ឆ្នាំឡើងទៅបានថយចុះក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គឺចុះ១៣,៦៨ភាគរយ ពោលគឺពី៤៨,៩៨ភាគរយ នៅត្រឹម ,៥.៣ភាគរយ ចំពោះបុរស និងថយចុះ៨,៩៣ភាគរយ ចំពោះស្ត្រី ពោលគឺ២០,៥៣ភាគរយ មកនៅត្រឹម ១១,៦ភាគរយ។ ៕

ដោយ ប៉ាល់ សុង