មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក

AKP តាកែវ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ -កាលពីថ្ងៃចន្ទ ​៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកជូនអ្នកធ្វើអាជីវកម្ម លើមធ្យោបាយត្រីចក្រយានយន្ត (ម៉ូតូកង់បី Pass App & Granb) ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី១២៥សង់ទីម៉ែត្រគូប។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក អ៊ំ ចាន់ធូ ​អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ។

លោក អ៊ំ ចាន់ធូ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ មធ្យោបាយអាជីវកម្មលើត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឹម៉ក និងទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី១២៥ សង់ទីម៉ែត្រគូប សូមមកធ្វើការចុះឈ្មោះសិក្សាក្នុងវគ្គបណ្តុះបណ្តាល ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងប្រឡងយកប័ណ្ណបើកបរ។ ព្រោះនៅថ្ងៃខាងមុខប៉ូលីសចរាចរណ៍នឹងធ្វើការផាកពិន័យចំពោះអ្នកដែលមិនមានប័ណ្ណបើកបរ។ ហេតុដូច្នេះដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន សូមបងប្អូនរួសរាន់មកបំពេញកាតព្វកិច្ចនេះឱ្យបានគ្រប់ៗគ្នា ខណៈពេលដែលថ្ងៃបើកវគ្គបណ្តុះបណ្តាលលើកទី១ នេះមានអ្នកមកសិក្សាត្រឹម ៣៤នាក់តែប៉ុណ្ណោះ។​ ដូច្នេះសូមបងប្អូនដែលប្រើប្រាស់មធ្យោបាយដូចពោលខាងលើ សូមមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោក អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានមានប្រសាសន៍បន្តថា គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលជូនបងប្អូន អ្នកធ្វើអាជីវកម្មលើមធ្យោបាយទាំងអស់នេះ គឺចង់ឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក គំនូសសញ្ញា ផ្លាកសញ្ញាផ្សេងៗ។ ជាពិសេសទៀតនោះដើម្បីឱ្យពួកគាត់ចេះមានការអធ្យាស្រ័យយោគយល់ពីការបើកបរចំពោះគ្នាទៅវិញទៅមក នៅពេលដែលពួកគាត់កំពុងធ្វើការបញ្ជានូវយានយន្តរបស់ពួកគាត់លើដងផ្លូវសាធារណៈ។ ម៉្យាងទៀតដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះចរាចរណ៍នៅលើផ្លូវសាធារណៈផ្សេងៗ។

លោក អនុប្រធានមន្ទីរ បានមានប្រសាសន៍បន្ថែមទៀតថា បន្ទាប់ពីបញ្ចប់ការសិក្សាវគ្គនេះទៅ សិក្ខាកាមនឹងឈានដល់ការអនុវត្តផ្ទាល់លើដៃចង្កូតដែលឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវពីគណៈកម្មការ​វាយតម្លៃច្បាស់លាស់សម្រាប់គុណភាពនៃការប្រឡងមុននឹងចេញប័ណ្ណបញ្ជាក់ការប្រឡងបញ្ចប់ដោយជោគជ័យនោះ៕

ដោយ អ៊ុច សៀង