អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងពុទ្ធបរិស័ទ វិស័យឯកជនចូលរួមដាំកូនឈើក្នុងតំបន់រមណីយដ្ឋានអង្គរ

AKP សៀមរាប ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ -កូនឈើចំនួន ២.០០០ដើមត្រូវបានអាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងពុទ្ធបរិស័ទ វិស័យឯកជន បាននាំគ្នាចូលរួមដាំកូនឈើឡើងវិញ នៅខាងមុខបរិវេណប្រាសាទប្រីយ៍នៃតំបន់រមណីយដ្ឋានអង្គរ ដែលពិធីដាំកូនឈើនេះបានធ្វើឡើងកាលពីថ្ងៃ ចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ក្រោមក្របខ័ណ្ឌយុទ្ធនាការសាធារណៈដាំដើមឈើឡើងវិញនៅក្នុងរមណីយដ្ឋានអង្គរ។

វត្តមាននៃការចូលរួមដាំកូនឈើនេះដែររួមមានឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រះវិជ័យរង្សី បណ្ឌិត លាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប ក្រុមហ៊ុនម៉ាក្រូ នគរបាលការពារបេតិកភណ្ឌ អង្គការគាំពារសត្វព្រៃ មន្រ្តី បុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន សិស្សានុសិស្ស និងសាធារណជនយ៉ាងច្រើនកុះករ។

មានសង្ឃដីការនៅក្នុងពិធីដាំកូនឈើនោះ ព្រះវិជ័យរង្សីបណ្ឌិត លាច លាង បានឱ្យដឹងថា ព្រៃឈើអាចការពារនូវគ្រោះថ្នាក់ផ្សេងៗ និងផ្តល់ជាម្លប់សម្រាប់មនុស្ស សត្វទូទៅ។ ព្រះអង្គមានទឹកព្រះទ័យសប្បាយរីករាយដែលបានរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការដាំដើមឈើនៅទីនេះ។ ក្នុងនាមព្រះអង្គផ្ទាល់ និងតំណាងឱ្យគណៈសង្ឃក្នុងក្រុងសៀមរាប ព្រះវិជ័យរង្សី លាច លាង សូមចម្រើនពរអំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ សុំឱ្យមានការចូលរួមដាំដើមឈើឱ្យបានច្រើនជាងការកាប់បំផ្លាញ។

ឯកឧត្តម យិត ចាន់ដារដ្ឋ បានថ្លែងអំណរព្រះគុណដល់ព្រះសង្ឃគ្រប់អង្គ និងអរគុណដល់អ្នកចូលរួមគ្រប់មជ្ឈដ្នានទាំងវិស័យឯកជន ស្ថាប័នរដ្ឋ ដែលមានសទ្ធាចូលរួមដាំដើមឈើនាពេលនេះ។ ឯកឧត្តមបានបន្តថា ការបាត់បង់ព្រៃឈើបណ្តាលឱ្យមនុស្ស និងប្រាសាទមានការរងគ្រោះ។ ដូច្នេះការចូលរួមនាពេលនេះពិតជាសំខាន់ និងជាបុណ្យកុសលមួយដ៏ធំធេងសម្រាប់ប្រទេសជាតិ និងមនុស្សជំនាន់ក្រោយ។ ឯកឧត្តម យិត ចាន់ដារដ្ឋ បានឱ្យដឹងពីគម្រោងថ្ងៃមុខថា អាជ្ញាធរជាតិអប្សរា គ្រោងនឹងដាំដើមឈើបន្ថែមឡើងវិញចំនួន ៤ម៉ឺនដើម ស្មើនឹង៣៥ហិកតា នៅទីតាំងផ្សេងគ្នា ដែលនឹងបើកយុទ្ធនាការដាំនៅរដូវវស្សាក្នុងឆ្នាំនេះ៕

ដោយ​ហង្ស សៀក