ឯកឧត្តម យន្ត មីន បើកកិច្ចប្រជុំ ស្តីពីការបិទផ្សាយទិន្នន័យជាសាធារណ:នូវឯកសារនៃការ វិនិច្ឆ័យដីធ្លី

AKP ព្រះសីហនុ ថ្ងៃទី១១ ​ខែមិថុនា ​ឆ្នាំ២០១៩​ -ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ស្តីពីការបិទផ្សាយទិន្នន័យជាសាធារណ: នូវឯកសារ នៃការវិនិច្ឆ័យដីធ្លីស្ថិតនៅភូមិ ចំការកៅស៊ូ និងភូមិជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅសាលាឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធសម្រាប់ឃុំជើងគោ ស្រុកព្រៃនប់ ជាតំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ដើម្បីចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ មានពីរភូមិ គឺភូមិចំការកៅស៊ូ និងភូមិជើងគោ សរុបចំនួន ៧១៨ក្បាលដី ក្នុងនោះ ភូមិចំការកៅស៊ូមានចំនួន ៣៧៩ក្បាលដី ភូមិជើងគោ មានចំនួន ៣៣៩ក្បាលដី ហើយគណៈកម្មការសុរិយោដី និងនៅចាំការតវ៉ារបស់បងប្អូនប្រជាពលរដ្ឋរយៈពេល១៥ថ្ងៃ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋជាម្ចាស់ក្បាលដីដោយគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ អនុវត្តន៍តាមនីតិវិធី និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីនៅក្នុងសង្គម ។ ដូច្នេះប្រជាពលរដ្ឋជាម្ចាស់ក្បាលដីត្រូវចូលរួមក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនក្នុងពេលបិទផ្សាយ ដើម្បីធានានូវភាពសុក្រិត ត្រឹមត្រូវក្នុងការចេញប័ណ្ណនៅក្នុងភូមិចំការកៅស៊ូ ភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ រយៈ ពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាឃុំជើងគោ ដើម្បីធានានូវភាពសុក្រិត ត្រឹមត្រូវជាលក្ខណៈបច្ចេកទេស និងលក្ខណៈច្បាប់ ដើម្បីឱ្យម្ចាស់ដី ឬអ្នកកាន់កាប់ដីអាចធ្វើការកែតម្រូវ ឬដាក់ពាក្យបណ្ដឹងជំទាស់តវ៉ាទៅមន្ត្រីនៅប្រចាំការកន្លែងបិទផ្សាយ ប្រសិនបើពិនិត្យឃើញថាមានលក្ខណៈខុសឆ្គង ។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានសំណូមពរប្រជាពលរដ្ឋ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលបង្កជាអំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសងគ្រប់ប្រភេទ ចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ៕

ដោយងូ សុមុនី