អង្គការ WCS ៖ ចំនួនសត្វខ្សឹបនៅកម្ពុជាមានការធ្លាក់ចុះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ -តាមការផ្សាយរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) បានចេញផ្សាយព័ត៌មានរបស់ខ្លួននៅថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ថា តាមការសិក្សាស្រាវស្រាវនាពេលថ្មីៗដែលបានធ្វើឡើងរួមគ្នា រវាងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) និង ក្រសួងបរិស្ថានបានឱ្យដឹងថា ចំនួនសត្វខ្សឹប នៅកម្ពុជាមានការថយចុះចាប់តាំងពីឆ្នាំ២០១២ មកម្លេះ ។

លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយអង្គការ WCS និងក្រសួងបរិស្ថាន បានបង្ហាញថា ចំនួនសត្វខ្សឹបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានថយចុះប្រមាណ ៥៥ភាគរយ ចាប់តាំងពីឆ្នាំ២០១២មក ។ ក្រុមអ្នកអភិរក្សបានប៉ាន់ស្មានថា ចំនួនសត្វខ្សឹបឈ្មោលក្នុងឆ្នាំ ២០១៨ បានថយចុះមកនៅត្រឹមតែ ១០៤ក្បាលប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ២០១២ គឺមានរហូតដល់ ២១៦ក្បាល។

ការស្រាវជ្រាវនេះបានរកឃើញថា តំបន់ដែលសត្វខ្សឹបឈ្មោលរស់នៅបានថយចុះមកនៅត្រឹមតែ ៤តំបន់ប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ២០១២ គឺមានរហូតដល់ចំនួន ១០តំបន់ ៕

ដោយ ណយ នឿន( ប្រភព WCS)