រដ្ឋមន្រ្តីបរិស្ថានគាំទ្រឱ្យសមាគមអភិរក្សដំរីខ្មែរ បង្កើតមជ្ឈមណ្ឌលបង្កាត់ពូជដំរីនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ -នៅក្នុងជំនួបជាមួយលោកស្រី ចិន្តា ក្លេ ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា នាទីស្តីការក្រសួង កាលពីថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាបង្កើតជាមជ្ឈមណ្ឌលបង្កាត់ពូជដំរីនៅកម្ពុជា ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាដែលមានទីតាំងក្នុងខេត្តរតនគិរី បង្កើតជាមជ្ឈមណ្ឌលបង្កាត់ពូជដំរី ដើម្បីធ្វើការអភិរក្ស និងបង្កើនចំនួនដំរីនៅកម្ពុជា។ស្ថិតនៅចម្ងាយតែពីរគីឡូម៉ែត្រពីក្រុងបានឡុង តំបន់អភិរក្សដំរីអៃរាវត្តា សត្វដំរីចំនួន៤ក្បាលកំពុងទទួលបានថែទាំ និងអភិរក្សដោយសមាគម ផ្ដល់ចំណី និងថែទាំដំរីក្នុងជម្រកព្រៃធម្មជាតិ ព្រៃសហគមន៍ទំហំ ៣០០ហិកតា និងបន្ថែមដោយផ្ទៃដីកសិកម្ម ៦០ហិកតា។

នៅក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបរិស្ថាន នឹងពិនិត្យលើការសហការគាំទ្រទាំងស្មារតី និងបច្ចេកទេស ដើម្បីជួយឱ្យសមាគមមានលទ្ធភាព និងគុណភាពក្នុងការបង្កើនពូជដំរីឱ្យបានច្រើន ដែលជាការរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត និងគាំទ្រដល់សមាគម បង្កើតសកម្មភាពអប់រំផ្សព្វផ្សាយលើសារៈសំខាន់នៃការអភិរក្សដំរីដល់កុមារ នៅតាមសាលារៀន ដើម្បីជួយបណ្តុះគំនិតវិជ្ជមាន ចូលរួមដល់ការអភិរក្សថនិកសត្វប្រភេទធំ និងងាយរងគ្រោះនៅលើពិភពលោក។

ប្រភពដដែលបានឱ្យដឹងបន្តថា លោកស្រី ចិន្តា ក្លេ បានសម្ដែងនូវការរីករាយ និងថ្លែងអំណរគុណចំពោះការចូលរួមសហការពីក្រសួងបរិស្ថាន ជាពិសេសការគាំទ្រដល់សកម្មភាពការអភិរក្សដំរី និងគម្រោងបង្កើតកន្លែងបង្កាត់ពូជដំរីដំបូងគេនៅកម្ពុជា។ លោកស្រីប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានបញ្ជាក់ថា ដើម្បីថែរក្សា និងអភិរក្សសត្វដំរីកម្ពុជា និងប្រពៃណីហ្មដំរីតាំងពីបរមបុរាណ ដែលមាននៅសេសសល់ក្នុងខេត្តភាគឦសានប្រទេស មូលនិធិសមាគមអភិរក្សដំរីអៃរាវត្តា (Airavata Khmer Elephant Foundation) ត្រូវបានបង្កើតកាលពី ៤ឆ្នាំមុន ដោយផ្ដល់ឱកាសឱ្យភ្ញៀវទេសចរទទួលបានភាពស្និទ្ធស្នាលជាមួយសត្វដំរីចិញ្ចឹមក្នុងបរិស្ថាននៃព្រៃធម្មជាតិ។ មូលនិធិនេះនឹងរួមចំណែកអភិរក្សព្រៃឈើជាជម្រកសត្វព្រៃ ក៏ដូចជាធ្វើឱ្យរស់រានឡើងវិញនូវប្រពៃណីចិញ្ចឹមមើលថែសត្វដំរី ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងដោយ ពង្រឹងកិច្ចសហការឱ្យបានល្អនៅគ្រប់កម្រិតស្ថាប័នរដ្ឋាភិបាល អង្គការជាតិ និងអង្គការអន្តរជាតិ ដើម្បីគាំទ្រកិច្ចគាំពារបរិស្ថាន ការពារ អភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

ដោយ ពេជ្រ ណារិទ្ធ