ជម្រើសជាតិកម្ពុជាបន្តការហ្វឹកហាត់នៅកាតា ត្រៀមប្រកួតជើងទី២ ជាមួយប៉ាគីស្ថាន វគ្គជម្រុះ FIFA World Cup Qatar 2022

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ — ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកំពុងបន្តការហ្វឹកហាត់ បង្កើនបច្ចេកទេសយ៉ាងសកម្ម នៅ ប្រទេសកាតា ដើម្បីត្រៀមប្រកួតជើងទី២ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន វគ្គជម្រុះបឋម ជើងទី២ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 & Asian Cup 2023 បន្ទាប់ពីក្រុមកម្ពុជាបានយកឈ្នះ២ទល់០ កាលពីជើងទី១ នៅរាជធានី ភ្នំពេញ កាលពីថ្ងៃទី០៦ ខែមិថុនា កន្លងទៅថ្មីៗនេះ។ ជាមួយនឹងជ័យជម្នះ ២ទល់០ របស់កម្ពុជាលើក្រុមប៉ាគីស្ថាន គឺក្រុមកម្ពុជាកក់កៅអី១​បណ្តោះអាសន្ន ក្នុងការឡើងទៅប្រកួតបន្តនៅជុំទី២ ឬវគ្គចែកពូលជាបន្តទៀត ខណៈការ​ប្រកួតនៅជើងទី២ ​នៅថ្ងៃទី១១ ខែមិថុនា ស្អែកនេះ គឺជាប្រកួតដ៏សំខាន់របស់ក្រុមទាំងពីរ ក្នុង​ការកាត់សេចក្តីចុងក្រោយឡើងទៅវគ្គបន្ត។ សម្រាប់ក្រុមជម្រើសជាតិប៉ាគី ស្ថានបានជ្រើស​រើស​​យកកីឡដ្ឋាននៃទីក្រុងដូហា ប្រទេសកាតា ធ្វើជាផ្ទះរបស់ខ្លួនសម្រាប់កាប្រកួតនៅ​​ជើង ទី២នេះ ខណៈខ្លួនមិនអាចរៀបចំការប្រកួតនៅក្នុងទឹកដីរបស់ខ្លួនបាន។

នៅក្នុងការហ្វឹកហាត់កីឡាករជម្រើសជាតិកម្ពុជា គឺស្ថិតនៅក្រោមការដឹកនាំបង្វឹក នៅទីលាន​ដោយផ្ទាល់ ពីលោក Felix Dalmas និងលោក Keisuke Honda ដែលជាគ្រូបង្វឹក និងជាអ្នក​ចាត់ការទូទៅ ដោយមហាជន រំពឹងថា ក្រុមកម្ពុជានឹងធ្វើបានលទ្ធផលល្អ​ប្រសើរជូនជាតិរបស់​ខ្លួន ក្នុងការឡើងទៅវគ្គបន្តទៀត។

លោក Felix Dalmas និយាយនៅក្នុងសន្និសីទសារព័ត៌មានកន្លងទៅថា លទ្ធផល២​ទល់០នេះមិនទាន់ ពេញចិត្តនឹងអ្វីដែលលោកចង់បាននៅឡើយទេ ពីព្រោះថាមហិច្ឆតារបស់​លោកគឺចង់បាននូវគុណភាពនៃការប្រកួតឱ្យល្អប្រសើរជាងនេះ។ ជាការពិតលោកមិនផ្ដោត សំខាន់តែទៅលើលទ្ធផលតែមួយមុខនោះទេ ប៉ុន្តែលោក ចង់ឃើញការអភិវឌ្ឍជារួមឱ្យមាន​ការរីកចម្រើនសម្រាប់វិស័យកីឡាបាល់ទាត់ទាំងមូលរបស់កម្ពុជា។ ទោះយ៉ាងនេះក្តី ក៏គ្រូ​បង្វឹករូបនេះបានលើកទឹកចិត្តដល់កូនក្រុមរបស់ខ្លួនថាពិតជាធ្វើបានល្អ កាលពីជើងទី១នេះ៕

ដោយ ហេង ណាលីន