រដ្ឋបាលខេត្តកំពង់ធំប្រារព្ធទិវាសប្ដាហ៏ជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោកលើកទី១២

AKP កំពង់ធំ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ — រដ្ឋបាលខេត្តកំពង់ធំប្រារព្ធទិវាសប្ដាហ៏ជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោកលើកទី១២ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៏ផ្លូវគោកខេត្តនិងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជា មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធលោកគ្រូ អ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋប្រមាណ៧២០នាក់ នាព្រឹកថ្ងៃច័ន្ទ៨កើតខែជេស្ឋឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ទិវាសប្ដាហ៏ជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោកនេះជាព្រឹត្តិកា​រណ៍​​​ដែលផ្ដួចផ្ដើមដោយគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមសម្រាបតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ(UNESCAP)ដែលតម្រូវឱ្យប្រទេសជាសមាជិករៀបចំនៅក្នុងអំឡុងខែឧសភា ជារៀងរាល់ឆ្នាំដើម្បីជាការក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេ​ស​​ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចូលរួមបង្កើនស្មារតីយកចិត្តទុកដាក់ទប់ស្កាត់ឱ្យបាននូវ​គ្រោះថ្នាក់ចរាចរណ៏ដែលបង្កឱ្យមានការបាត់បង់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិរដ្ឋនិងឯក​ជនយ៉ាងច្រើន។

តាមរបាយការណ៏របស់មន្ទីរសាធារណការខេត្តកំពង់ធំបានបង្ហាញថា នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះខេត្តកំពង់ធំមានគ្រោះថ្នាក់ចរាចរណ៏ចំនួន១៤៨លើកបើប្រៀបធៀបនិងឆ្នាំ២០១៧មានថយចុះ៥០លើកអ្នកស្លាប់មានចំនួន១៣០នាក់មានការកើនឡើង៣នាក់និងអ្នករបួសមានចំនួន១៧១នាក់មានការថយចុះ៦០នាក់៕

ដោយ ស៊ុម វណ្ណា