ខេត្តក្រចេះផ្ទុះជំងឺគ្រុនឈាម ៤៤២ ករណី គិតត្រឹម ថ្ងៃទី១០ មិថុនា

AKPក្រចេះថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៩–លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិ បាលខេត្ត​បាន​ឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ នៅទូទាំងខេត្ត​ក្រចេះមានផ្ទុះករណី​ជំងឺ​គ្រុន​ឈាមចំនួន ៤៤២ ករណី គឺមានការកើនឡើងខ្ពស់ហួសពីការស្មាន ព្រោះឆ្នាំ​កន្លង​ទៅក្នុង​មួយ​ឆ្នាំៗមានជំងឺគ្រុនឈាម មិនលើសពី ៣០ ករណីទេ ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តបានឱ្យដឹងទៀតថា ក្នុងចំណោម ក្រុង ស្រុកទាំង ៦ របស់​ខេត្ត​ក្រចេះគឺ មានស្រុកចំនួនពីរដែលផ្ទុះជំងឺគ្រុនឈាមខ្លាំងជាងគេគឺ ស្រុកស្នួល និង​ស្រុក​ចិត្រ​បុរី ដែលបណ្ដាលឱ្យអ្នកជំងឺចំនួន៤ នាក់បានស្លាប់ ក្នុងនោះមានក្មេងជំទង់អាយុ ១៥ឆ្នាំ​ម្នាក់ផងដែរ ។

លោក ឈ្នាង សុវត្ថា ក៏បានបញ្ជាក់ថា កត្តាដែលជម្រុញ​ឱ្យកើតមានជម្ងឺ​គ្រុនឈាមខ្លាំង​និង​ច្រើន​​​ករណីនៅក្នុងឆ្នាំនេះ គឺទាក់ទងនឹងកត្តាអាកាសធាតុ ដោយសាររដូវ ប្រាំងមានរយៈ​ពេល​អូស​បន្លាយវែងនិងក្តៅខ្លាំង ហើយរដូវវស្សាមានភ្លៀងធ្លាក់មកយ៉ាង​គំហុគដែលបម្រែបម្រួល​អាកាស​ធាតុរបៀបនេះ វាជាលទ្ធភាពបង្កឲ្យកើតមាននូវករណីជំងឺគ្រុនឈាមច្រើនដូច្នេះ ។លោកបញ្ជាក់ថា ជម្ងឺគ្រុនឈាមកើតឡើងដោយ មូសខ្លា ហើយវាខាំនៅពេលថ្ងៃ ទីកន្លែង​ដែល​ពួកវាងាយកើតឡើង គឺកន្លែងមានដក់ទឹក ដូចជា ពាងទឹក អាងទឹក សំបកដប សំបកដូង កំប៉ុង ថូផ្កា ជាពិសេសសំបកកង់ឡាន ។

លោកប្រធានមន្ទីរក៏បានបង្ហាញផងដែរថា បច្ចុប្បន្នមន្ត្រីជំនាញមន្ទីរសុខាភិបាល មន្ទីរ ពេទ្យ​បង្អែក​មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ក្នុង​ខេត្តកំពុងធ្វើសកម្មភាព​បាញ់ថ្នាំសម្លាប់​មូស​នៅតាមតំបន់ដែលជំងឺគ្រុនឈាមកំពុងកើតឡើងនិងតំបន់មួយចំនួនទៀត ព្រម ទាំង​ធ្វើ​ការ​​ណែនាំ​ប្រជាពលរដ្ឋអំពីរបៀបការពារកុំឱ្យមូសខាំ និងអំពីរោគ​សញ្ញានៃជំងឺ​គ្រុន​ឈាម​និង វិធាន​ការដែលអាចការពារបានខ្ពស់គឺ ការសម្អាតអនាម័យក្នុងនិងក្រៅបរិវេណផ្ទះ បើកទ្វារ បង្អួច​​ឱ្យពន្លឺខ្យល់អាកាសចូលផ្ទះគ្រប់គ្រាន់ ធ្វើ ការសម្អាតនិងលុបទីកន្លែងដែលដក់ទឹក និង​ដាក់​ថ្នាំអាប៊ែតក្នុងពាងទឹកអាងទឹក និងកន្លែងដែលមានទឹកដក់ សម្លាប់​និង​កម្ចាត់​មិន​មាន​កើត​ថ្មក្នុង​រយៈពេល ១ សប្តាហ៍ម្តង ដែលវិធីនេះមានប្រសិទ្ធភាពយូរ អង្វែងជាងការបាញ់ថ្នាំ ដែល​សម្លាប់​​បានតែ១ ថ្ងៃ។

ក្នុងសកម្មភាពបង្ការនេះដែរ មន្ទីរសុខាភិបាលខេត្តបានចុះផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជា ពលរដ្ឋក្នុងតំបន់ងាយរងគ្រោះតាមរយៈរថយន្ត ចុះដាក់ថ្នាំអាបែតទៅតាមពាងទឹក អាងទឹក និងបានធ្វើការបាញ់ថ្នាំកម្ចាត់មូសដល់មូលដ្ឋានដោយផ្ទាល់ទៀតផង ៕

ដោយ ជួន សុជាតិ