អង្គការមូលនិធិប្រាសាទពិភពលោកប្រារព្ធខួប៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការជួសជុល ប្រាសាទក្នុងរមណីយដ្នានអង្គរ

AKP សៀមរាប ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ — អង្គការមូលនិធិប្រាសាទពិភពលោក (World Monuments Fund, WMF) បានប្រារព្ធខួប ៣០ឆ្នាំ លើការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ។ ពិធីនេះ ប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោក Michael Newbill ភារធារី​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា, លោកស្រី Gineavra Boato តំណាងអង្គការ​មូល​និធិប្រាសាទពិភពលោកប្រចាំអាស៊ីអាគ្នេយ៍ រួមជាមួយមន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា សរុប​ចំនួនប្រមាណ២០០នាក់។ លោកស្រី Gineavra Boato តំណាង WMF ប្រចាំអាស៊ីអាគ្នេយ៍ បានលើកឡើងថា អង្គការនេះបានចូលមកបំពេញការងារនៅតំបន់អង្គរនៅឆ្នាំ១៩៨៩ ដោយការងារអាទិភាព​ដំបូងគឺការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាលើការងារអភិរក្សនិងជួសជុលប្រាសាទ។ លោកស្រីបានបន្ដថា ជាបន្តបន្ទាប់មក WMF បានធ្វើវាយតម្លៃលើការខូចខាតរបស់ប្រាង្គ ប្រាសាទបុរាណដែលកម្ពុជាបានជួបប្រទះ និងការខ្វះកិច្ចអភិរក្សជួសជុលក្រោយពីសង្រ្គាម ស៊ីវិល។ ជាមួយគ្នានេះ នៅឆ្នាំ ២០០៨ WMF ក៏បានចាប់ផ្តើមគម្រោងអភិរក្ស​ប្រាសាទភ្នំ​បាខែងដែលការងារនេះត្រូវបានគ្រប់គ្រងរៀបចំនិងអនុវត្តន៍ដោយអ្នកជំនាញការខ្មែរដែល ទទួលបានការបណ្ដុះបណ្ដាលនាពេលកន្លងមក។

លោក Michael Newbill តំណាងឱ្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចាត់ទុក​ការប្រារព្ធពិធីនេះជាការបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិកតាមរយៈ WMF ជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាពិសេសក្នុងរយៈពេល​៣០​ឆ្នាំមកនេះ WMF បានបណ្ដុះបណ្ដាលអ្នកជំនាញខ្មែរជាច្រើនរូប ហើយនឹងផ្តល់ឱកាសដល់​ពលរដ្ឋកម្ពុជាជាង១០០នាក់។ លោកបានបន្ដថា ចំពោះគម្រោងជួសជុលប្រាសាទភ្នំបាខែង គឺជាគម្រោងដែលមានភាពលេចធ្លោ និងមានការចូលរួមភាគច្រើនដោយបុគ្គលិកជំនាញ កម្ពុជា។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរ​គុណ​ដល់ WMF ដែលបានរួមចំណែកក្នុងការកសាងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា និងបានអនុវត្តន៍កិច្ចការអភិរក្ស និងជួសជុលប្រាសាទចាប់ពីឆ្នាំ១៩៩២ ជាពិសេសប្រាសាទ​ព្រះខ័ន តាសោម អង្គរវត្ត និងប្រាសាទភ្នំបាខែង។ លោកជំទាវរដ្ឋមន្រ្ដី ក៏បានរំលេចអំពីផល​ប្រយោជន៍ នៃកត្តាសន្តិភាពព្រោះកត្តានេះ បានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងសុខុដុមរមនារបស់ប្រទេសនាពេលបច្ចុប្បន្ន និងអនាគត រួមទាំង កិច្ច ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ៕

ដោយ ឃុត សៅ