វៀតណាមត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចំណែកក្នុង កិច្ចខិតខំប្រឹងប្រែងអន្តរជាតិសម្រាប់សន្តិភាព និងសន្តិសុខ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩​  — នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសរសេរអត្ថបទមួយដែលមានចំណងជើងថា «ភាពជាដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព។ វៀតណាមត្រៀមខ្លួនក្នុងការចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីសន្តិភាព សន្តិសុខ កិច្ចអភិវឌ្ឍន៍ និងភាពជឿនលឿននៃសកលលោក» បន្ទាប់ពីវៀតណាមបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់អាណត្តិឆ្នាំ ២០២០-២០២១។

យោងតាមអត្ថបទនេះបានឱ្យដឹងថា  វៀតណាមត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២០-២០២១ ដោយប្រទេសសមាជិកអ.ស.ប ស្ទើរតែទាំងអស់នៅក្នុងសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាត អ.ស.ប កាលពីថ្ងៃទី៧ ខែមិថុនា។

នេះ គឺជាលើកទី២ ហើយ ដែលវៀតណាមត្រូវបានគេបោះឆ្នោតជ្រើសរើសជាសមាជិករបស់ស្ថាប័នដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលមានតួនាទីដឹកនាំក្នុងការថែរក្សាសន្តិភាព និងសន្តិសុខសកលលោក ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ដែលបង្ហាញឱ្យឃើញនូវការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះភាពប្រសើរឡើងនៃតួនាទីរបស់វៀតណាម ក៏ដូចជាការជឿជាក់ទៅលើការទទួលខុសត្រូវរបស់ខ្លួនក្នុងការចួលរួមចំណែកដល់ការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិក្នុងឆ្នាំខាងមុខផងដែរ។

លោក Phuc បានសរសេរថា នៅពេលដែលចូលរួមជាមួយ UNSC ជាលើកដំបូងក្នុងអំឡុងពេលបំពេញការងារឆ្នាំ ២០០៨-២០០៩ វៀតណាមដោយមានការគាំទ្រពីសមាជិកអង្គការសហប្រជាជាតិ បានបំពេញនូវភារកិច្ចដែលបានចាត់តាំងស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញ អ.ស.ប ដោយជួយបន្ថយភាពតានតឹង និងជំរុញកិច្ចសហប្រតិបត្តិការ ព្រមទាំងដោះស្រាយបញ្ហាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)