ប្រជាពលរដ្ឋក្រីក្របានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០១៩ -ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកគណៈកម្មាធិការសាខា អនុសាខា និងអាជ្ញាធរដែនដី បាននាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២១គ្រួសារ នៅសាលាឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ។

ប្រជាពលរដ្ឋក្រីក្រទាំងនោះ រួមមាន ជនពិការ ចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ស្ត្រីមេម៉ាយ និងអ្នកជំងឺរ៉ាំរ៉ៃ ដែលពួកគេមកពី៧ភូមិផ្សេងៗគ្នានៃស្រុកជីក្រែង។

ឯកឧត្តម ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោ បាយណាមួយឡើយ។ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្ដី តែនេះជាការជួយគ្នាក្នុងគ្រាលំបាក ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ សំខាន់កាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ឯកឧត្តម ទៀ សីហា បានសម្តែងនូវការអាណិតអាសូរដល់ប្រជាពលរដ្ឋក្រីក្រ ដែលមានជីវភាពខ្វះខាត រួមទាំងមានជំងឺប្រចាំកាយចាស់ជរា ពិការ មិនអាចប្រកបរបរចិញ្ចឹមជីវិត ទៅតាមបំណងប្រាថ្នាខ្លួនបានឡើយ។ ឯកឧត្តមក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាត្រូវប្រុងប្រយ័ត្ននៅពេលដែលមានភ្លៀង ផ្គររន្ទះ សូមរកទីកន្លែងមានសុវត្ថិភាព និងកុំប្រើប្រាស់គ្រឿងអេឡិចត្រូនិកដែលងាយបង្កភាពគ្រោះថ្នាក់ដល់  ខ្លួន។ ម៉្យាងទៀតក្នុងពេលរដូវវស្សាចូលមកដល់នេះ សូមបងប្អូនយកចិត្តទុកដាក់ចំពោះកូនចៅតូចៗរបស់ខ្លួនកុំឱ្យមានជំងឺ គឺត្រូវស្លៀកសម្លៀកបំពាក់ឱ្យជិតខ្លួន ការពារកុំឱ្យមូសខ្លាខាំ ដោយបច្ចុប្បន្ននេះបញ្ហាជំងឺគ្រុនឈាមបាននិងកំពុងយាយីមកលើមនុស្សគ្រប់វ័យ ហើយបើមានកូនចៅមិនស្រួលត្រូវប្រញាប់យកទៅកាន់មណ្ឌលសុខភាពដែលនៅជិតមូលដ្ឋានខ្លួនជា បន្ទាន់។

អំណោយដែលគេបានចែកជូននាឱកាសនោះមានក្នុងមួយគ្រួសារៗទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប្រេងឆា២ដប ស្ករស២គីឡូក្រាម ទឹកដោះគោខាប់៥កំប៉ុង និងថវិកា៥ម៉ឺនរៀល ៕

ដោយ ហង្ស ​សៀក