ឯកឧត្តម យន្ត មីន អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តព្រីងច័ន្ទបារមី

AKP ព្រះសីហនុ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ -ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តព្រីងច័ន្ទបារមី ស្ថិតនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សដែលបានចូលរួម ដោយគូសបញ្ជាក់ថា ជាការឆ្លើយតបនូវគុណូបការៈពីសប្បុរសជន ពុទ្ធបរិស័ទ បានជួយបរិច្ចាគធនធាន និងថវិកាតាមសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកកសាងកុដិ និងសមិទ្ធផលនានាក្នុងវត្តព្រីងច័ន្ទបារមី សម្រាប់ទុកជាទីសេនាសនៈបម្រើក្នុងវិស័យព្រះពុទ្ធសាសនា ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស ដែលកត្តាសន្តិភាពនេះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ អាណាចក្រ មានន័យថា បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ នេះគឺជាកត្តាសត្យានុម័ត ។ វត្តអារាមរបស់ព្រះពុទ្ធសាសនា ជាមជ្ឈមណ្ឌលក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានចំណេះដឹងទាំងផ្នែកអក្សរសាស្ត្រ និងជំនាញផ្សេងៗ លើផ្លូវលោក ផ្លូវធម៌ សាសនាព្រះពុទ្ធ ជាឃ្លាំងផ្ដល់នូវពុទ្ធិថែរក្សាគម្ពីរ អក្សរសាស្ត្រ វប្បធម៌ អរិយធម៌ ប្រពៃណី និងថែរក្សាព្រលឹងជាតិតាំងពីបុរាណកាល រហូតមកដល់សព្វថ្ងៃ ។

ឯកឧត្តម យន្ត មីន បានសំណូមពរឱ្យប្រជាពលរដ្ឋថែរក្សាការពារសុខសន្តិភាព ស្ថិរភាព សាមគ្គីភាពសំដៅលើកស្ទួយ និងការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងសម្បូរសប្បាយថែមទៀត ព្រមទាំងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភព នៃការប្រើអំពើហិង្សាក្នុងគ្រួសារ និងសង្គម ។ ពិសេសត្រូវអនុវត្តន៍ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ រួមគ្នាលើកស្ទួយកិត្យានុភាពជាតិយើងឱ្យបាន ថ្កុំថ្កើងរុងរឿងលើឆាកអន្តរជាតិ ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់ប័ណ្ណសរសើរជូនដល់សប្បុរសជន ក្រណាត់សរជូនដល់ដូនជូ តាជី សៀវភៅដល់សិស្សានុសិស្ស និងថវិកាជូនលោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធផងដែរ ៕

ដោយ ងូ សុមុនី