អាជ្ញាធរខេត្តរួមជាមួយប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប​បាន​ចូលរួមហូបនំបញ្ចុកសាមគ្គី

AKP សៀមរាប ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ -ឯក​ឧត្តម ទៀ សីហា អភិបាល​ខេត្ត​សៀមរាប​នៅ​ព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ២០១៩​ បាន​ចូលរួម​ហូបនំបញ្ចុកសាមគ្គី នៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ជាមួយប្រជា​ពលរដ្ឋរាប់ពាន់នាក់។ ដែលនៅក្នុង​ពិធីនេះប្រជាពលរដ្ឋបានបង្ហាញពី​ការសប្បាយរីករាយក្រោមដំបូលសន្តិភាព។

ឯក​ឧត្តម ទៀ សីហា មានប្រសាសន៍ថា​ ក្រៅពីការជួបជុំគ្នាហូបនំបញ្ចុកនៅផ្សារដើមក្រឡាញ់នេះ នៅ​គ្រប់ភូមិ ឃុំ សង្កាត់ ទាំង​អស់​នៅក្នុងខេត្តសៀមរាប​ ក៏មាន​រៀបចំហូបនំបញ្ចុកដូចៗគ្នាដែរ។ ការរៀបចំពិធីហូបនំបញ្ចុកនេះ បានធ្វើឡើងក្រោយការអំពាវនាវរបស់  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានចលនាគាំទ្រនំបញ្ចុក មានសកម្មភាពផុលផុសឡើង។ ជាពិសេសនៅថ្ងៃនេះជាការកត់សម្គាល់ ការលក់នំបញ្ចុកក៏ដាច់ជាងសព្វមួយដងផងដែរ។ បើតាមការប៉ាន់ប្រមាណរបស់អាជ្ញាធរខេត្តនៅក្នុងទូរទាំង​ខេត្តសៀមរាបសម្រាប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ នំបញ្ចុកប្រមាណជិត ២០០តោន ត្រូវបានយកទៅកាន់គ្រប់ភូមិ ដើម្បីឱ្យប្រជាពលរដ្ឋរួមជាមួយអាជ្ញាធរ មូលដ្ឋានហូបរួមគ្នាយ៉ាង​សប្បាយរីករាយ។

ប្រជាពលរដ្ឋនៅ​ខេត្តសៀមរាប​បាន​លើកឡើងដូចៗគ្នាថា នំបញ្ចុក គឺជាអាហាររបស់ខ្មែរតាំង​ពីបុរាណកាលមក ហើយប្ចុប្បន្ននេះពួក​គាត់ហូបនំបញ្ចុកស្ទើរតែរាល់ថ្ងៃ ប៉ុន្តែសម្រាប់ថ្ងៃទី០៩ ខែមិថុនានេះ គឺជាថ្ងៃពិសេសមួយដែលប្រជាពលរដ្ឋនៅគ្រប់ភូមិរួមជាមួយអាជ្ញាធរ មូលដ្ឋាន​បាន​ហូបនំបញ្ចុកសាមគ្គីយ៉ាងសប្បាយរីករាយ ហើយក៏បាន​ផ្តល់ប្រាក់ចំណូលយ៉ាងច្រើនទៅដល់អ្នកលក់នំបញ្ចុកនៅទូទាំងខេត្តផងដែរ៕

ដោយ ឃុត សៅ