ក្រោមម្លប់សន្តិភាពប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងបាននាំគ្នាហូបនំបញ្ចុកសាមគ្គីជាតិ និងឯកភាពជាតិ

AKP កំពង់ឆ្នាំង ថ្ងៃទី១០​ ខែមិថុនា ឆ្នាំ២០១៩ -នៅថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ​ឯកស័ក ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ទិវានំបញ្ចុកសាមគ្គីជាតិ និងឯកភាពជាតិនៅទូទាំងប្រទេស នៅគ្រប់ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ ខេត្តរាជធានី បានរៀបចំហូបនំបញ្ចុកសាមគ្គីនៅគ្រប់ទីកន្លែង ដោយគេឃើញនៅតាមវត្តអារាម សាលារៀន និងមន្ទីរ អង្គភាពនានាក្នុងខេត្ត «ក្នុងន័យហូបនំបញ្ចុកសាមគ្គីជាតិ សន្តិភាព ប្រពៃណីខ្មែររុងរឿង»។ ពិធីនេះបានប្រារព្ធធ្វើនៅសាលាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ក្រោមអធិបតីភាពឯកឯឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាដំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ដោយមានការអញ្ចើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់  ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការរៀបចំហូបនំបញ្ចុក សាមគ្គីនេះ គឺបានធ្វើឡើងទូទាំង៧០ឃុំ សង្កាត់ និង៥៦៩ភូមិ នៅក្រុង ស្រុកទាំង៨ ការហូប នំបញ្ចុកនៅទូទាំងខេត្តកំពង់ឆ្នាំងក្នុងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ សរុបមានប្រមាណជិត ៥០តោន ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា នំបញ្ចុប គឺជាអាហារអត្តសញ្ញាណជា​តិរប​ស់​យើង បើយើងឃ្លានថ្ងៃណាគឺ​សូ​មហូបថ្ងៃនោះតែម្តង​ទៅ ហូបជាលក្ខណៈគ្រួសារ ហូបជួបជុំ ញាតិ និងក្នុងកម្មវិធីបុណ្យផ្សេងៗ ដែលញ៉ាំងកម្មវិធីនីមួយៗ ធ្វើឱ្យកត្តាសាមគ្គីកាន់តែសប្បាយរីករាយ ។ ឯកឧត្តម បានបន្តថា ការជប់លៀងហូបនំបញ្ចុកនៅពេលនេះ មិនត្រឹមតែមនុស្សលោកយើងបានទទួលទានប៉ុណ្ណោះទេ សូមបួងសួង និងឧទ្ទិសបុណ្យកុសលនេះជូនដល់ឧបការីជន បុព្វបុរស មាតាបិតា អ្នកដែលបាត់បង់ជីវិតក្នុងសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងពិសេសទៀតនោះគឺយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារជាតិមាតុភូមិ ដ៏រុងរឿងរបស់យើងផងដែរ​។

ឯកឧត្តមបានក្រើនរម្លឹកដល់អ្នកផលិតនំបញ្ចុកទាំងអស់ថា សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអាហារប្រពៃណីមួយនេះ  និងជំរុញ​នូវ​​ការប្រើ​ប្រាស់ផលិតផលសិរីរាង្គ ទៅ​​លើ​​​ បន្លែ និងការកែឆ្នៃនូវចំណីអាហារផ្សេងៗ ។ល។ ព្រមទាំងបានអំពាវនាវឱ្យ​ក្រ​សួ​ង​ពាក់​ព័ន្ធនានាត្រូវយកចិត្តទុកដាក់ខិតខំលើកទឹកចិត្ត និងជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់​ជីធម្ម​ជាតិ ជំនួសជីគីមី ក្នុងការដាំដុះដំណាំទូទៅ និងកាត់បន្ថយការនាំចូលផលិតផល បន្លែ ផ្លែឈើ ដែ​លប្រើជីគីមី និង ស្នើឱ្យបងប្អូនអ្នកទិញ សូមជួយទិញផលដំណាំខ្មែរ​យើងដែលដាំដុះមិន​ប្រើ​ជា​​​តិ​គីមី ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែមានជីវភាពល្អប្រសើរ ក្រោមម្លប់ដ៏ត្រជាក់របស់រាជរដ្ឋភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ៕

ដោយបៃ ស៊ីថុន