ទីភ្នាក់ងារសារព័ត៌មានរដ្ឋបង្ហាញសុទិដ្ឋិនិយមចំពោះសនិ្នសីទកំពូលសារព័ត៌មានអាស៊ី

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ — ការរីកចម្រើនផ្នែកឌីជីថល នាំមកនូវក្តីសង្ឃឹម និងការបារម្ភក្នុងចំណោមអ្នកសារព័ត៌មាននានា ទន្ទឹមនឹងនេះថ្នាក់ដឹកនាំនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដែលជាទីភ្នាក់ងាររដ្ឋ ហៅកាត់ថា អាកាប៉េ (AKP) មានសុទិដ្ឋិនិយមថា សន្និសីទកំពូលសារព័ត៌មានអាស៊ី ឆ្នាំ២០១៩ នាសប្តាហ៍ក្រោយនេះ នឹងជួយបំពាក់បំប៉នទាំងផ្នែកសា្មរតី និងទស្សនាទានថ្មីសម្រាប់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកនានា ដើម្បីប្រឈមទៅនឹងសម័យអន្តរកាលរវាងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងយុគ្គសម័យឌីជីថលថ្មីនេះ។

លោកជំទាវ សុខមុំ និមល អគ្គនាយិកាអាកាប៉េ មានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា វេទិកានេះនឹងបើកទូលាយទស្សនៈយើង ដើម្បីបន្តពង្រឹងសេវាកម្មយើង ឆ្លើយតបនឹងទីផ្សារសារព័ត៌មានបច្ចុប្បន្ន ដែលទទួលរងឥទ្ធិពល នៃបដិវត្តន៍ឧស្សាហកម្មទី៤ដោយមិនអាចចៀសបាន។”

លោកជំទាវ បានបន្ថែមថា “ឈរលើមូលដ្ឋានផ្នែកសារព័ត៌មាន បដិវត្តន៍នេះកំពុងផ្លាស់ប្តូររបៀបទទួលព័ត៌មានក្នុងចំណោមសាធារណៈជន។ ឧទាហរណ៍ ពួកគាត់ប្តូរពីការបើកទំព័រកាសែត និងស្វែងរកប៉ុស្តិ៍វិទ្យុ មកអង្អែលលើកញ្ចក់ទូរស័ព្ទ ជ្រើសរើសប្រភេទព័ត៌មានដ៏សម្បូរបែបតាមដែលពួកគាត់ត្រូវការ”។ លោកជំទាវបានបន្ថែម ដោយបញ្ជាក់ទៀតថា សន្និសីទកំពូលសារព័ត៌មានអាស៊ីនេះ នឹងពិភាក្សាអំពីផលប៉ះពាល់នានានៃនិន្នាការនេះ។

តាមការគ្រោងទុក លោកជំទាវ នឹងដឹកនាំក្រុមការងារអាកាប៉េ ទៅចូលរួមសន្និសីទតំបន់នេះ ដែលនឹងធ្វើឡើងនៅខេត្តសៀមរាប ពីថ្ងៃទី១០ ដល់ ១៤ ខែមិថុនា ដោយផ្តោតជាសំខាន់លើ ការវិវត្តនៃទីផ្សារសារព័ត៌មានសម័យឌីជីថល ក្រោមការអញ្ជើញជាអធិបតីភាពបើកដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ (Asia-Pacific Institute for Broadcasting Development) ហៅកាត់ថា AIBD។

វេទិកានេះក៏នឹងមានការចូលរួមពីសំណាក់ អ្នកធ្វើគោលនយោបាយ អ្នកជំនាញល្បីៗផ្នែកសារព័ត៌មាន ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងៗ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អាហ្វ្រិក អឺរ៉ុប មជ្ឈឹមបូព៌ា និងអាមេរិកខាងជើង។

ប្រធាននាយកដ្ឋានព័ត៌មានផ្សាយទៅបរទេស នៃអាកាប៉េ លោក ខាន់ សុភីរម្យ បានកត់សម្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍ កំពុងទទួលរងនូវនិន្នាការថយចុះនៃចំនួនអ្នកមើល និងការផ្សាយពាណិជ្ជកម្ម។ លោកបានមានប្រសាសន៍ថា “បញ្ហានេះមិនមែនកើតឡើងតែនៅប្រទេសកម្ពុជានោះទេ គឺមាននៅជុំវិញពិភពលោក។ កាសែតដ៏ល្បីមួយក្នុងប្រទេសជិតខាងរបស់យើងគឺប្រទេសថៃ ត្រូវបានបិទការបោះពុម្ព ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅប្រទេសកម្ពុជាយើង ខ្ញុំហាក់នៅមិនទាន់ឃើញមានសារព័ត៌មានប្រចាំថ្ងៃណាមួយបិទទ្វារនៅឡើយទេ។”

លោកបានបន្តទៀតថា “ដើម្បីបន្តអាជីវកម្មទៅមុខបាន ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី កំពុងតែអភិវឌ្ឍខ្លួន ដូចជាបង្កើតគេហទំព័រ ប្រើប្រាស់កម្មវិធីឌីជីថល ដើម្បីបញ្ចេញព័ត៌មាន។ ហើយដើម្បីឲ្យមាននិរន្តរភាព ការងារនេះទាមទារការពង្រឹងធនធានមនុស្ស និងគំនិតឆ្នៃប្រឌិត ដែលមិនទាមទារការចាយវាយច្រើន ប៉ុន្តែក៏ត្រូវតែមានការពុះពារ និងខិតខំទ្វេដង”។

លោក អ៊ុន ឫទ្ធី ប្រធាននាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៃអាកាប៉េ បានសម្តែងការយល់ស្របនឹងទស្សនៈខាងលើនេះ ដោយបន្ថែមថា កន្លងមក អាកាប៉េដែលបានផ្តល់ព័ត៌មានជាបីភាសា មាន ខ្មែរ អង់គ្លេស និងបារាំង បាននិងកំពុងខិតខំបញ្ចូលផលិតផលថ្មីៗ ក៏ដូចជាប្រើប្រាស់កម្មវិធីឌីជីថលផ្សេងៗ។

ទាំងលោក ខាន់ សុភីរម្យ និងលោក អ៊ុន ឫទ្ធី រំពឹងថា សន្និសីទកំពូលនាសប្តាហ៍ក្រោយនេះ នឹងផ្តល់លទ្ធផលជាក់លាក់ប្រកបដោយសារៈសំខាន់។ ពួកគាត់ក៏បានត្រៀមខ្លួនប្រើប្រាស់ធាតុចូលពីវេទិកានេះ ដោយពិភាក្សាជាមួយថ្នាក់ដឹកនាំ អាកាប៉េ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីកែលម្អបន្ថែមនូវសេវាកម្មរបស់ស្ថាប័ននេះ។

យុគសម័យប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល បានបើកទូលាយដល់ការទទួលបាន និងចែករំលែកព័ត៌មាននៅគ្រប់ស្រទាប់មជ្ឈដ្ឋាន។ ខណៈដែលវាផ្តល់នូវឱកាសផ្សេងៗ ការបើកទូលាយនេះក៏នាំមកនូវហានិភ័យមួយចំនួន ជាពិសេសទាក់ទងនឹងការកើនឡើងនូវព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយ។

ថ្នាក់ដឹកនាំអាកាប៉េទាំងបីរូប បានយល់ស្របគ្នាថា ក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយសម័យឌីជីថល វាទាមទារការរួមចំណែកពីភាគីផ្គត់ផ្គង់ និងអ្នកប្រើប្រាស់។

លោក ខាន់ សុភីរម្យ បានគូសបញ្ជាក់ថា “នៅពេលដែលភ្នាក់ងារព័ត៌មាននានា កំពុងតែប្រឹងប្រែងដើម្បីធានាបានដំណឹងមានប្រយោជន៍ ត្រឹមត្រូវ និងទាន់ពេលវេលា អាចទទួលបានតាមតម្រូវការទីផ្សារដែលកំពុងវិវត្ត យើងក៏ត្រូវជម្រុញចំណេះដឹងមូលដ្ឋានផ្នែកសារព័ត៌មានក្នុងចំណោមអ្នកប្រើប្រាស់ដែរ ដើម្បីឲ្យពួកគាត់អាចកំណត់បានថាដំណឹងណាជាដំណឹងពិត ហើយដំណឹងណាជាដំណឹងក្លែងក្លាយ។”

លោកជំទាវ សុខ មុំនិមល បន្ថែមថា “រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងព័ត៌មានបានប្តេជ្ញាលើកកម្ពស់ទាំងសិទ្ធិទទួលបានព័ត៌មាន និងសិទ្ធិបញ្ចេញយោបល់។ ខ្ញុំគិតថាយើងក៏ត្រូវការច្បាប់ដើម្បីគ្រប់គ្រងសារព័ត៌មានឌីជីថលដើម្បីកាត់បន្ថយហានិភ័យនានា។ ហើយវាក៏ល្អដែរ ប្រសិនបើចំណេះដឹងមូលដ្ឋានផ្នែកសារព័ត៌មានត្រូវបញ្ជ្រាបដល់យុវវជនដោយស្ថាប័នពាក់ព័ន្ធ ដូចជាការបញ្ចូលវាក្នុងកម្មវិធីសិក្សាជាដើម។”

ទោះបីជាមានបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សន្និសីទកំពូលនាពេលខាងមុខនេះ កំពុងជម្រុញទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយទាំងឡាយនៅកម្ពុជា រួមទាំងអាកាប៉េផងដែរ ដើម្បីខិតខំបន្ថែមទៀតក្នុងការបម្រើសេវាក្នុងទីផ្សារដែលកំពុងវិវត្តនេះ។

ដោយ សូឡី