ជប៉ុនគាំទ្រការសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍកំពង់ផែសមុទ្រនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុនបានប្រកាសបន្តជួយគាំទ្រក្នុងការជួយសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍកំពង់ផែសមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយការសិក្សារួមបញ្ជូលរវាងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសទៅក្នុងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ។

កាប្រកាស បន្តជួយនេះ ធ្វើឡើងនៅពេល ឯកឧត្តម HORINOUCHI Hidehisa ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាចូលជួបពិភាក្សាការងារជាមួយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ថែមថា រដ្ឋាភិបាលជប៉ុននឹងជួយរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងភ្នំពេញ និងការពន្លឿនការរៀបចំកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា-ជប៉ុន (Double Taxation Agreement) ផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ភាគីមិត្តជប៉ុន ចំពោះគំនិតផ្តួចផ្តើមក្នុងការជួយសិក្សា រៀបចំផែនការមេសម្រាប់ការអភិវឌ្ឍកំពង់ផែ ដោយជប៉ុនផ្តល់ជំនួយបច្ចេកទេស ក្នុងការសិក្សារៀបចំផែនការមេនេះ និងបានជម្រាបភាគីមិត្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ចៀសវាងនូវការសិក្សាជាន់គ្នា ដោយសារបច្ចុប្បន្នមានប្រទេសជាដៃគូអភិវឌ្ឍន៍មួយចំនួន បាន និង កំពុងជួយកម្ពុជាសិក្សា រៀបចំផែនការមេសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់នេះ។ ដោយឡែកចំពោះកិច្ចដំណើរការពន្លឿនការរៀបចំកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា-ជប៉ុន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្នើឱ្យមន្រ្តីបច្ចេកទេសពាក់ព័ន្ធរបស់ភាគីទាំងពីរ មានភាពទន់ភ្លន់ យោគយល់ គ្នាទៅវិញទៅមក និងបន្តខិតខំថែមទៀតក្នុងការផ្តល់ផលប្រយោជន៍ប្រកបដោយសមធម៌ សម្រាប់ភាគីទាំងសងខាង ដើម្បីអាចឈានទៅបញ្ចប់ការរៀបចំកិច្ចព្រមព្រៀងនេះឱ្យបានឆាប់ក្នុងពេលខាងមុខនេះ ដែលជាចំណែកសម្រាប់ ទាក់ទាញការវិនិយោគឯកជនជប៉ុនមកកម្ពុជា ក៏ដូចជា ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានចាត់ទុកប្រទេសជប៉ុនជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចដំណើរការកសាងប្រទេសកម្ពុជា ចាប់តាំងពីការកសាងសន្តិភាព រហូតដល់ការស្តារ និងអភិវឌ្ឍន៍ រហូតដល់ពេលបច្ចុប្បន្ននេះ៕

ដោយ គង់ សិរីរ័ត្ន