ជម្រើសជាតិកម្ពុជាយកឈ្នះប៉ាគីស្ថាន ២-០ វគ្គជម្រុះបឋមជើងទី១ FIFA World Cup Qatar 2022

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ — ក្រុមម្ចាស់ផ្ទះ ជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមភ្ញៀវជម្រើសជាតិប៉ាគីស្ថាន ដោយលទ្ធ ផលបច្ចេកទេស ២ទល់០ នៅក្នុងការប្រកួតវគ្គជម្រុះបឋមជើងទី១ កាលពីយប់ថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ FIFA World Cup Qarta 2022 ក្រោមការគាំទ្រពីប្រិយមិត្តអ្នកគាំទ្រនៅកីឡដ្ឋាន ដោយផ្ទាល់ចំនួន ៣២.៧០២​នាក់។

ក្នុងការប្រកួតដ៏ជក់ចិត្តនៅវគ្គទី១ ក្រុមកម្ពុជា និងប៉ាគីស្ថានរក្សាលទ្ធផលស្មើគ្នា ០ទល់០ ហើយនៅវគ្គទី២ ក្រុមម្ចាស់ផ្ទះកម្ពុជានៅតែបន្តសម្រុកវាយកលុកលើក្រុមភ្ញៀវ រហូត​ដល់នាទី៨១ កីឡាករ សៀង ចន្ធា របស់កម្ពុជាធ្វើសម្រេចបាន១គ្រាប់ ខណៈនៅនាទី៨៤ មិត្ត​រួម​ជាតិរបស់ខ្លួន គឺកីឡាករ គួច សុកុម្ភៈ ធ្វើសម្រេចបាន១គ្រាប់បន្ថែម ដែលធ្វើឱ្យក្រុមកម្ពុជា​យកឈ្នះដោយលទ្ធផល ២ទល់០។

ជ័យជម្នះនេះបានធ្វើឱ្យក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់របស់លោក Keisuke Honda និងលោក Felix Dalmas បានកក់កៅអីជុំទី២ ជាបណ្ដោះអាសន្ន ហើយ​ក្រុមគោព្រៃនេះត្រូវធ្វើដំណើរទៅប្រកួតជើងទី២ក្រៅដីជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី១១ ខែមិថុនា ខាងមុខ ដើម្បីធានាកៅអីឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួត លោក Felix Dalmas បានលើកឡើងថា លទ្ធផលនេះ មិនទាន់ពេញចិត្តនឹងអ្វីដែលលោកចង់បាននៅឡើយទេ ពី ព្រោះថាមហិច្ឆតារបស់លោកគឺចង់បាននូវគុណភាពនៃការប្រកួតឱ្យល្អប្រសើរជាងនេះ។ ជា មួយគ្នានោះលោកកោតសរសេរកូនក្រុមរបស់ខ្លួនថាធ្វើបានល្អជា ពិសេសលោកបានថ្លែងការ​កោតសរសើរចំពោះអ្នកគាំទ្រជាង៣ម៉ឺននាក់ ដែលនៅតែបន្តការការគាំទ្រលើកទឹក ចិត្តដល់​ក្រុមជម្រើសជាតិកម្ពុជា ទោះបីជាមានភ្លៀងធ្លាក់យ៉ាងជោគជាំយ៉ាងណាក្តី។

គ្រូបង្វឹកកម្ពុជារូបនេះអះអាងទៀតថា លោកបានព្យាយាមរិះរកបច្ចេកទេស ដើម្បីឱ្យក្រុម​កម្ពុជា​ធ្វើបានល្អ ហើយលោកសង្ឃឹមថា អ្នកគាំទ្រនឹងរីករាយទទួលយកនូវអ្វីដែលកីឡាករ​ទាំងអស់ធ្វើបាននាពេលនេះ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែលបញ្ជាក់ចុងក្រោយថា ជាការពិតលោកមិនផ្ដោតសំខាន់តែទៅលើលទ្ធផលតែមួយមុខនោះទេ ប៉ុន្តែលោកចង់ឃើញ ការអភិវឌ្ឍជារួមឱ្យមានការរីកចម្រើន សម្រាប់វិស័យកីឡាបាល់ទាត់ទាំងមូលរបស់កម្ពុជា៕

ដោយ ហេង ណាលីន