ឯកឧត្តម វេង សាខុន អនុញ្ញាតឱ្យនាយកប្រតិបត្តិនៃធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ាចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ -តាមប្រភពព័ត៌មានពីក្រសួងកសិកម្មបានឱ្យដឹងថា នៅទីស្តីការក្រសួងនាព្រឹកថ្ងៃព្រហស្បតិ៍ ០៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួប ជាមួយលោក Nathan M. Belete នាយកប្រតិបត្តិនៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងសហការី ដើម្បីសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ជូនពីវឌ្ឍនភាពនៃគម្រោងស្តីពីការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២ (LASED II) និងស្នើសុំអនុសាសន៍ដើម្បីធ្វើការកែលម្អលើចំណុចខ្វះខាតនៃការអនុវត្តគម្រោងនេះ។

តាមរយ:លោក Nathan M. Belete ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រលើការអភិវឌ្ឍប្រទេសកម្ពុជា និងសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនប្រកបដោយចីរភាព ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ ដែលកំពុងស្ថិតក្នុងតំណាក់កាលធ្វើការផ្លាស់ប្តូរពីកសិកម្មយថាកម្ម ទៅជាកសិ-ឧស្សាហកម្ម កសិ-ពាណិជកម្ម និងកសិ-ទេសចរណ៍ ដោយផ្តោតជាសំខាន់លើការធ្វើពិពិធកម្មកសិកម្ម ទំនើបកម្មកសិកម្ម និងការផលិតតាមលក្ខណៈបច្ចេកទេសសមស្រប និងមានស្តង់ដារក្នុងការកែច្នៃ ដើម្បីនាំចេញប្រកបដោយគុណភាព អនាម័យ និងភូតគាមអនាម័យ ឆ្លើយតបតាមតម្រូវការទីផ្សារ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការធ្វើយ៉ាងនេះគឺដើម្បីឆ្លើយតបទៅនឹងបរិបទនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន ការខ្វះខាតកម្លាំងពលកម្មក្នុងស្រុក ការប្រែប្រួលអាកាសធាតុ និងជាពិសេសខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់នឹងបន្តផ្តល់ការគាំទ្រ ជាពិសេសលើការធ្វើប្រពលវប្បកម្មដំណាំ បន្លែ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ធ្វើយ៉ាងនេះដើម្បីបង្កើនតម្លៃបន្ថែមដល់កសិផល ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ធានាគុណភាព សុវត្ថិភាពទាំងអនាម័យ និងភូតគាមអនាម័យ ក្នុងគោលបំណងបំពេញខ្សែចង្វាក់ផលិតកម្ម និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម។

នៅក្នុងឱកាសនេះ លោក Nathan M. Belete បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយក៏បានបញ្ជាក់ថា គម្រោងថ្មីដោយឡែករវាងធនាគារពិភពលោក និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺពិតជាបានឆ្លើយតប និងស្របតាមការលើកឡើងខាងលើ។ ពាក់ព័ន្ធនឹងគម្រោង LASED II នេះវិញ លោកបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីថា គោលបំណងចម្បងរបស់គម្រោងនេះ គឺជួយលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលគម្រោងនេះបានជួយគាំទ្រដល់គម្រោងសម្បទានដីសង្គមកិច្ចរបស់រាជ រដ្ឋាភិបាលក្នុងការចែកដីឱ្យកសិករគ្មានដី និងមានដីតិចតួចដើម្បីប្រកបរបបកសិកម្មចិញ្ចឹមគ្រួសារ។ គម្រោងនេះបានអនុវត្តន៍លើខេត្តគោលដីចំនួន ០៥ រួមមាន៖ ខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកំពង់ធំ ដោយបានផ្តល់ប្រយោជន៍ជូន ៤.៤៤១គ្រួសារ តាមរយ:ការរៀបចំប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងផ្តល់សេវាគាំទ្របច្ចេកទេសកសិកម្មមូលដ្ឋាន ដើម្បីកែលម្អកម្រិតជីវភាព តាមរយ:ការបង្កើនប្រាក់ចំណូល។ គម្រោងនេះមានរយ:ពេល ០៥ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៧-២០២២ ដែលត្រូវចំណាយថវិកាសរុប ២៥លានដុល្លារអាម៉េរិក។

បច្ចុប្បន្នដោយមានកិច្ចសហការយ៉ាងល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួង គម្រោងនេះបាននិងកំពុងអនុវត្តន៍ទៅតាមកម្មវិធីដូចបានគ្រោងទុក និងទទួលបានលទ្ធផលគួរជាទីមោទន ដោយកម្រិតជីវភាពគ្រួសាររបស់សម្បទានិក មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ដូចនេះលោក Nathan M. Belete សង្ឃឹមថា ឯកឧត្តមរដ្ឋមន្ត្រី និងសហការីនឹងបន្តកិច្ចសហការយ៉ាងល្អនេះ ជាប្រយោជន៍ដល់អ្នកទទួលផលពីគម្រោងនេះគឺប្រជាកសិករក្រីក្រ និងងាយរងគ្រោះ ៕

ដោយ សេង សុវណ្ណនី