ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការលើកឡើរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីបានបង្ហាញការគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឱ្យរបបនេះវិលត្រឡប់មកកម្ពុជាវិញ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ -សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុ​ជាបាន​សម្ដែនូវប្រតិកម្មចំពោះការលើកឡើងរបស់ឯកឧត្ដមនាយករដ្ឋមន្ត្រីសិង្ហបុរី ដោយ​ស​ម្ដេ​ច​បាន​ចាត់ទុកថាការឡើកឡើងនេះ បង្ហាញថា កាលនោះសិង្ហបុរី បានគាំទ្ររបបប្រល័យ​ពូ​ជ​​សាសន៍ និងចង់ឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញដែរ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ សម្ដេ​ចតេ​ជោ​​នាយករដ្ឋមន្ត្រីបានសរសេរថា “ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលឯកឧត្ដម នា​​​យក​រដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ៣១ ខែ​ឧស​ភា ​​កន្លងទៅដោយលើកឡើងថា ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ)​ គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង ៥ ប្រទេស) រួមគ្នាប្រឆាំង​ការ​ឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបាន​ជំនួសខ្មែរ​ក្រ​ហម”។ សម្ដចតេជោបានបញ្ជាក់ថា ការលើកឡើងនេះ បង្ហាញថា កាលនោះសិង្ហបុរី បានគាំទ្រ​របបប្រល័យពូជ​សាស​ន៍​ និងចង់ឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជា វិញដែរ។ សិង្ហបុរីបានធ្វើជា​ម្ចាស់​ផ្ទះ​រៀប​ចំការប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាល​ចម្រុះត្រី​ភាគី កម្ពុជាប្រជាធិបតេយ្យ និងអូស​ប​ន្លា​យសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជន​កម្ពុជាជាង១០ឆ្នាំថែមទៀត ហើយ​ដែ​ល​​ស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជន​កម្ពុជា​ផងដែរ។ សម្ដេចតេជោបានបន្តថា កា​រ​​លើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្ម​សាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័​គ្រចិត្ត​វៀត​ណាម ដែលបានជួយរំដោះកម្ពុជាឱ្យ​រួច​ផុតពីរបបប្រល័យពូជសាសន៍នោះ។ ការ​លើក​ឡើ​ងរបស់ឯកឧត្តម លី ស៊ានឡុង នាពេល​នេះក៏បានបង្ហាញប្រជាជនសិង្ហបុរី និងពិភព​លោ​​​កថា មេដឹកនាំសិង្ហបុរីនាពេលនោះ​បានរួម​ចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាង​ពិតប្រា​ក​ដ​។ សម្ដេចតេជោបានបន្ថែមថា “ចុងក្រោយនេះ ខ្ញុំចង់សួរ ឯកឧត្ដម នាយករដ្ឋមន្ត្រី លី ស៊ានឡុង ថា តើគាត់ចាត់ទុក​ការ​កាត់​ទោស​មេដឹក​នាំខ្មែរក្រហមកន្លងទៅនេះថា ជាការត្រឹមត្រូវដែរ ឬអត់?”៕

ដោយ ជឹម ណារី