សម្ដេចតេជោ ហ៊ុន សែន កោតសរសើរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែ​ង​នូវ​​ការកោតសរសើរដល់ ក្រុមកីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានទទួលជ័យ​ជម្នះ​ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងលទ្ធផល ២ ទល់និង ០ ក្នុងកា​រ​ប្រ​កួ​ត​កាលពីល្ងាចថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៩នោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចតេ​ជោ​នាយករដ្ឋមន្ត្រីបានសរសេរថា សូមកោតសរសើរដល់ ក្រុមកីឡាករក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងល​ទ្ធ​​ផល ( កម្ពុជា២ Vs ប៉ាគីស្ថាន ០ )សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលទើប​បញ្ចប់​ការ​ប្រ​កួតមុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ អរគុណបងប្អូនប្រជាពលរដ្ឋ​ដែ​ល​​គាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋាន និងមើលតាម​ទូ​រ​ទ​ស្សន៍។ សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យ​ជាបន្តបន្ទាប់​ទៀ​ត។

គួរបញ្ជាក់ដែរថា ជំនួបជើងទី១ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិប៉ា​គី​ស្ថា​ន បានបញ្ចប់ការប្រកួតហើយ ដោយក្រុមម្ចាស់ផ្ទះបានលត់ក្រុមភ្ញៀវ ២-០ សម្រាប់វគ្គ​ជ​ម្រុះ​ដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលទើបបញ្ចប់ការប្រកួតកាលពីល្ងាចថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០​១៩​នៅ​ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ សម្រាប់ការប្រកួត ក្រោមក្រសែភ្នែកអ្នកទស្សនា​ផ្ទា​ល់​ ប្រមាណជាង៣ម៉ឺននាក់នេះ តង់ទី១ ក្រុមទាំងពីរ បានលេងលក្ខណៈស្ទាបស្ទង់​មិនសូវ​បា​ន​​ដាក់សម្ពាធគ្នានោះទេ ហើយចូលតង់ទី២ ក៏មិនសូវមានការសម្រុកគ្នាប៉ុន្មានដែរ។ តែអ្វីដែល​ធ្វើ​​ឱ្យអ្នកគាំទ្រ បន្លឺសំឡេងហ៊ោរកញ្ជ្រៀវពេញពហុកីឡដ្ឋានជាតិ បានកើតឡើងនៅ ១០​នា​ទី​ចុង​ក្រោយ បន្ទាប់ពីកីឡាករ សៀង ចន្ធា និង គួច សុកុម្ភៈ រកបានម្នាក់ ១គ្រាប់ ជួយក្រុមគោ​ព្រៃ​កម្ពុជា យកឈ្នះក្រុមប៉ាគីស្ថាន ២-០ ក្នុងនាទី៨១ និងនាទី៨៤។ ជ័យជម្នះនេះ បានធ្វើឱ្យ​ក្រុ​ម​ជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់លោក Keisuke Honda បាន​កក់កៅ​អីជុំ​ទី​២​ ជាបណ្ដោះអាសន្ន ត្បិតក្រុមគោព្រៃនេះ ត្រូវធ្វើដំណើរទៅប្រកួតជើងទី២ ក្រៅដីជាមួយ​ក្រុ​ម​​ជ​ម្រើ​ស​ជាតិប៉ាគីស្ថាន នៅទីក្រុងដូហា ប្រទេសកាតានាថ្ងៃទី១១ ខែមិថុនាខាងមុខ ដើម្បី​ធា​នា​កៅអីឡើ​ងជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ (2022 FIFA World Cup qu​alifi​ca​tio​n​-AFC)៕

ដោយ ជឹម ណារី