ក្រុមហ៊ុន CBRE បង្ហាញរបាយការណ៍ កើនឡើង នៃវិស័យសំណង់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ ២០១៩នេះ

AKP ភ្នំពេញ ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៩  — ក្រុមហ៊ុន CBRE បានបង្ហាញពីរបាយការណ៍នៃការវិនិយោគលើវិស័យសំណង់របស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ ដោយបានបញ្ជាក់ថា បានកើនឡើងជាមួយនឹងទំហំទឹកប្រាក់​ចំនួន១.៨ ពាន់លានដុល្លារ ដោយក្នុងនោះតម្រូវការការិយាល័យ កម្រិតA កំពុងមាន​សញ្ញា វិជ្ជមាននៅលើទីផ្សារ។

បើយោងតាមការស្រាវជ្រាវរបស់ CBRE បានឱ្យដឹងថា កំណើននេះ ត្រូវបែងចែកការ​ផ្គត់ផ្គង់ការិយាល័យ ជា ៣ កម្រិត រួមមាន “A” “B” និង“C”។ ការផ្គត់ផ្គង់កម្រិត “c” បាន​ចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ ២០០៨ ហើយវាមានការកើនឡើងជាលំដាប់រហូតដល់ឆ្នាំ ២០១៨។ ទោះបីជាការផ្គត់ផ្គង់នេះ មានការធ្លាក់ចុះបន្តិចនៅអំឡុងឆ្នាំ ២០១៨ តែតួលេខ បាន​បង្ហាញពីការកើនឡើងវិញនៅដើមឆ្នាំ២០១៩។ ចំណែកឯការផ្គត់ផ្គង់កម្រិត “B” ចាប់ផ្តើមមាន​វត្តមាននៅក្នុងឆ្នាំ ២០០៩ ហើយកម្រិត “A” នៅឆ្នាំ២០១៤ ហើយបន្តកើនឡើងជា​លំដាប់​ផងដែរ។

គួរបញ្ជាក់ផងដែរថា ទោះបីជាការផ្គត់ផ្គង់កម្រិត “B” និង “A” កើនឡើងក្តី ការប្រើប្រាស់​ការិយាល័យកម្រិត “C” នៅតែមានប្រជាប្រិយភាពខ្លាំង ដែលជាមធ្យមមានការកាន់កាប់​រហូត​ដល់៨៥.៩៦ភាគរយ។

តែទោះបីយ៉ាងណាក៏ដោយ លោក James Hewson ប្រធានផ្នែកស្រាវជ្រាវ​របស់​ក្រុមហ៊ុន CBRE បង្ហាញពីភាពវិជ្ជមាននៃការិយាល័យ កម្រិត A នៅពេលអនាគត។ លោកលើកឡើងថា ទោះបីជាក្នុងពេលបច្ចុប្បន្ន ការផ្គត់ផ្គង់កម្រិត “B” និង “C” កំពុងមាន លក្ខណៈនាំមុខក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់កម្រិត “A” នឹងកើនឡើងច្រើនក្នុងថ្ងៃអនាគត ដោយ សារតែកំណើននៃទំនោរថ្មីនេះ បានចាប់ផ្តើមរួចហើយនៅពេលបច្ចុប្បន្ន។ លោកបានបន្ថែម ទៀតថា ការផ្គត់ផ្គង់ការិយាល័យកម្រិត “A” ថែមទៀត នឹងហក់ចូលក្នុងទីផ្សារនៅក្នុងឆ្នាំ ២០២០ ដែលមានទីតាំងនៅកោះពេជ្រ។ បច្ចុប្បន្ន គម្រោងការិយាល័យចំនួន ២ ផ្សេងទៀត ដែលមានឈ្មោះថា Chief Tower និង Maritime Tower កំពុងបន្តសាងសង់ ហើយគេរំពឹងថា​នឹងបញ្ចប់នៅត្រឹមឆ្នាំ២០២២ និង២០២៣ខាងមុខ។ លោកបានបន្ថែមទៀតថា ក្រុមហ៊ុន CBRE រំពឹងទុកថាចាប់ពីត្រីមាសទី២ ឆ្នាំ២០១៩ រហូតដល់ ២០២៣ ការផ្គត់ផ្គង់​ការិយាល័យ​កម្រិត A និង B និងមានដល់៣០ គម្រោង (ការិយាល័យកម្មសិទ្ធិផ្តាច់មុខ ១៦ និងការិយា​ល័យ​សហ​កម្មសិទ្ធិ១៤គម្រោង) ដែលមានផ្ទៃសាងសង់សរុបរហូតដល់ជាង ៦៤០,០០០ ម៉ែត្រ​ការ៉េ៕

ដោយ ម៉ៅ ចរិយា