សម្ដេចតតេជោ៖ ការហូបនំបញ្ចុកជុំគ្នានៅថ្ងៃទី០៩ ខែមិថុនាខាងមុខនេះ មិនមែនជា ជំហានឆ្ពោះទៅរកការចរចានយោបាយអ្វីនោះឡើយ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​ថា ការហូបនំបញ្ចុកជុំគ្នានៅថ្ងៃទី ០៩ ខែមិថុនា ខាងមុខនេះ គឺមិនមែនជាជំហាន​ឆ្ពោះ​ទៅរក​កា​​រចរចានយោបាយអ្វីឡើយ ប៉ុន្តែគឺជារឿងទទួលទាននំបញ្ចុករួមគ្នាដើម្បីពង្រឹងសាមគ្គី​ភាព​ជាតិ មិត្តភាព និងឯកភាពជាតិតែប៉ុណ្ណោះ ដោយមិនមានការរើសអើងបក្សនយោបាយ​ណា​​មួ​យ​ឡើយ គឺយើងអាចហូបរួមគ្នា។

ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតផ្នែកសុខាភិបាលនៃសាកលវិទ្យាល័យពុទ្ធិសា​ស្ត្រ​ ចំនួន ១.៣៥៦នាក់ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និង​ពិ​ព័រ​ណ៍កោះ​ពេជ្រ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមាជិក​សមាជិការគណបក្ស​ប្រជា​ជន​កម្ពុជា និង​ប្រ​ជា​​ពលរដ្ឋទូទាំងប្រទេស ឱ្យហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី០៩ ខែមិថុនា ២០១៩ ជាពិសេសនៅ​តាមវត្តអារាម សូមរៀបចំចង្ហាន់នំបញ្ចុកប្រគេនចង្ហាន់​ព្រះសង្ឃ​​ផងដែរ។ ចំណែកខាង​បង​ប្អូន​ខ្មែរឥស្លាម និងខាងវិហារគ្រិស្ទសាសនាវិញ ក៏សូម អញ្ជើញហូប​នំបញ្ចុកទាំងអស់គ្នា ដែលការហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ខាងមុខនេះ គឺបង្ហាញ​ពីសាមគ្គីជាតិ និងឯកភាពជាតិ។ ​សម្ដេចតេជោបានគូសបញ្ជាក់ថា “សូមកុំលាប ពណ៌ដាក់គ្នា ជាពិសេសនំបញ្ចុប គឺជាអាហារអត្តសញ្ញាណជា​តិរប​ស់​យើង​”។ សម្ដេចតេជោ ក៏បានបញ្ជាក់​ផង​ដែរថា កុំរង់ចាំដល់ថ្ងៃទី០៩ ខែមិថុនា បើឃ្លានថ្ងៃណាគឺ​សូ​មហូប ថ្ងៃនោះ តែម្តង​ទៅ ហើយ​ថ្ងៃ០៩ ខែមិថុនា យើងហូបជុំគ្នាម្ដងទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បាន ថ្លែងនូវការអរ គុណ​ទុកជាមុនដល់ម្ចាស់ផ្ទះជួលឱ្យកម្មករ និងរោងចក្រសហគ្រា​ស​នា​នា ដែល នឹងរៀបចំនំបញ្ចុកសម្រាប់បងប្អូនកូនក្មួយកម្មករ កម្មការិនី ហូបជុំគ្នាមួយពេល​បា​ន​សប្បាយ នៅថ្ងៃទី០៩ ខែមិថុនា ខាងមុខនេះ ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងសាមគ្គីភាព រវា​ង​​ម្ចាស់ផ្ទះជួល និងកម្មករ កម្មការិនី និងជាមួយម្ចាស់រោងចក្រ សហគ្រាសផងដែរ។ លើសពី នេះទៀត ដើម្បី​ប​ង្ហា​ញពីផលិតផលក្នុងស្រុកឱ្យអន្តរជាតិបានដឹង និងស្គាល់។ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បាន​មាន​ប្រ​សា​​សន៍ថា នឹង​យកនំបញ្ចុកទទួលភ្ញៀវអន្តរជាតិ។ សម្តេចតេជោ បានលើកឡើងថា ការយក​នំ​ប​ញ្ចុ​ក​ទទួលភ្ញៀវនេះ បន្ទាប់ពីសម្តេចធ្លាប់បានយកផលិតផល ដែលផលិតក្នុងស្រុក មួយចំនួន ទទួ​ល​ភ្ញៀវអន្តរជាតិហូបរួចហើយ។ “ឥឡូវខ្ញុំដាក់បណ្តើរៗ ហើយក្នុងការទទួល​ភ្ញៀវអន្តរជាតិ​ថ្នា​ក់​​នាយករដ្ឋមន្ត្រីដូចជា អាម៉ុក សម្លកកូរ ហើយថ្ងៃក្រោយ ដាក់សម្លម្ជូរ ហើយ​ថ្ងៃ​ក្រោ​យ​​​​ដា​ក់ នំបញ្ចុកម្តង”។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេច​តេជោ។ សម្ដេចនាយករដ្ឋមន្រ្តីក៏បាន​ថ្លែងបន្តថា ការហូបនំបញ្ចុកនេះ គឺជាការជំរុញ​នូវ​​ការប្រើ​ប្រាស់ផលិតផលជាតិរបស់កម្ពុជាតែម្តង ដែលទោះបីតិច ឬច្រើនវា​មានអន្តរសកម្ម​ទៅ​​លើ​​​តម្លៃ​អង្ករ និងបន្លែមួយ ចំនួនមានត្រយ៉ូងចេក សណ្ដែក ។ល។  លើសពីនេះទៅទៀតគឺបានធ្វើ​​ឱ្យ អ្នកបើកហាង​នំបញ្ចុក​មានជីវភាពប្រសើរផងដែរ។

នៅក្នុឱកាសនោះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យ​ក្រ​សួ​ង​ពាក់​ព័ន្ធនានា ត្រូវយកចិត្តទុកដាក់ខិតខំលើកទឹកចិត្ត និងជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់​ជីធម្ម​ជាតិ ជំនួសជីគីមី ក្នុងការដាំដុះដំណាំទូទៅ និងកាត់បន្ថយការនាំចូលផលិតផល បន្លែ ផ្លែឈើ ដែ​លប្រើជីគីមី និងស្នើឱ្យបងប្អូនអ្នកទិញ សូមជួយទិញផលដំណាំខ្មែរ​យើងដែលដាំដុះមិន​ប្រើ​ជា​​​តិ​គីមី។ ជាងនេះទៀត ស្ថាប័នកាំកុងត្រូល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ក្រ​សួង​សុខាភិបាល ត្រូវយកចិត្តទុកដាក់តាមដានត្រួតពិនិត្យឱ្យបានដិតដល់ ​ដើម្បីសុខភាព​ប្រ​ជា​​ពលរដ្ឋ៕

ដោយ ជឹម ណារី