សម្តេចប្រធានរដ្ឋសភាអញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម ពៅ សាមី តំណាងរាស្ត្រមណ្ឌលព្រៃវែង

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូរដ្ឋសភាអញ្ជើញផ្តល់ ភ្លើងបូជាសពឯកឧត្តម ពៅ សាមី តំណាងរាស្ត្រមណ្ឌលព្រៃវែង នៅវត្តទួលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឯកឧត្តម ពៅ សាមី តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានទទួលមរណភាព ដោយរោគាពាធនៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងជន្មាយុ៧២ឆ្នាំ។ សពឯកឧត្តម ពៅ សាមី ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន នៅគេហដ្ឋាននៃសព ផ្ទះលេខ៩៤ ផ្លូវជាតិលេខ៥ ភូមិគីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រហូតដល់ព្រឹកថ្ងៃទី០៦ ខែមិថុនា នេះ សពត្រូវបានបូជានៅវត្តទួល ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយទទួលបានកិត្តិយស ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជាអញ្ជើញផ្តល់ភ្លើងបូជាសពដោយផ្ទាល់។

មុនផ្តល់ភ្លើងបូជាសព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិក សមាជិកានៃរដ្ឋសភាអមដំណើរ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ពៅ សាមី ដោយសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយលោកជំទាវ និងក្រុមគ្រួសារទាំងអស់ ដែលបានបាត់បង់ស្វាមី ឪពុក ឪពុកក្មេកជីតាជាគោរពទីស្រឡាញ់ដ៏ខ្ពង់ខ្ពស់គឺឯកឧត្តម ពៅ សាមី។

នៅក្នុងសារលិខិតចូលរួមមរណទុក្ខរបស់រដ្ឋសភា ផ្ញើជូនក្រុមគ្រួសារនៃសព សម្តេចក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សូមវាយតម្លៃយ៉ាងខ្ពស់ចំពោះ គុណបំណាច់ដ៏ធំធេងរបស់ឯកឧត្តម ពៅ សាមី ជាកុលបុត្រដ៏ឆ្នើមមួយរូបដែល បានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ន​នីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនាពេលកន្លងមក ព្រមទាំងបានលះបង់ កម្លាំងកាយចិត្ត និងពេលវេលានៅគ្រប់កាលៈទេសៈ ក្នុងការបម្រើ និងអភិវឌ្ឍន៍ជាតិមាតុភូមិ។

សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមឱ្យវិញ្ញាណក្ខន្ធឯកឧត្តម ពៅ សាមី បានទៅកាន់សុគតិភពកុំបីខាន៕

ដោយ ប៉ាល់ សុង