កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ UPF នៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩​ — ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលលើកទី២ UPF (U​n​ive​rsal Peace Federation) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែ​វិច្ឆិ​កា ឆ្នាំ២០១៩។ នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែតជំនួយការ សម្ដេចតេ​ជោនា​យ​ក​រដ្ឋមន្ត្រី បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណា​​ចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Jose de Venecia Jr. និងគណៈប្រតិភូសន្និសីទ​អន្ត​រ​ជាតិនៃគណបក្សនយោបាយអាស៊ី ហៅថា ICAPP (International Conference of Asian Political Parties) ចូលជួបសម្ដែងការគួរសម និង​ពិភាក្សាការងារ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។ឯកឧត្ដម Jose de Venecia Jr. បានសម្តែងនូវការគោរដ៏ខ្ពង់ខ្ពស់ និងថ្លែងអំណរគុណចំពោះ​សម្តេច​តេ​ជោ​ ដែលបានចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសនេប៉ាល់ នាពេលកន្លងមក ហើយ​ពេលនេះ​គោ​ល​ដៅរបស់ឯកឧត្ដម និងប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា គឺដើម្បីគោរព​ស្នើសុំ​ការ​ពិចារណាពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរៀបចំកិច្ចប្រជុំកំពូល UPF (Universal Pe​a​c​​e Federation)  នៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ី ហ្វិកនេះ​ ​គឺដើម្បី​ព​ង្រឹ​ងភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលផង ដែលមានខ្លឹមសារ ស្នូល ដើម្បីសន្តិ​ភា​ព ​​​និងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ ជម្លោះ និងដំណោះស្រាយក្នុង គ្រាសំខាន់។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោក Jose de Ven​​ecia Jr. និងគណៈប្រតិភូ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី ដែលបានផ្ដល់ ការទុកចិត្ត​ចំពោះ​កម្ពុ​ជា​ ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា កាលពី ប្រជុំកំពូល UPF នៅ​ប្រ​​ទេសនេប៉ាល់កន្លងមក បានទទួលជោគជ័យនោះគឺជាកិច្ចប្រជុំលើក ទី១។ ទន្ទឹមនេះ ចំ​ពោះ​​កិច្ចប្រជុំលើកទី២ ឆ្នាំនេះដែលនឹងធ្វើឡើងនៅប្រទេសកម្ពុជា  គឺ​សម្តេច​តេជោ​នាយករដ្ឋ​ម​ន្ត្រី បានជម្រាបជូនគណៈប្រតិភូ ICAPP ថា កម្ពុជាស្វាគមន៍នូវ កិច្ចប្រជុំនេះ ហើយគប្បី​ណា​ត្រូវ​រៀបចំឡើងនៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍ ថា ចំពោះករណីប្រធាន​បទ​ពា​ក់​​ព័ន្ធទៅនឹងកិច្ចប្រជុំកំពូល UPF នេះ គឺ សម្ដេចតេជោ​នាយក​រដ្ឋមន្ត្រី បានធ្វើការ​ណែនាំឱ្យ​​រួម​គ្នាពិភាក្សា និងពិចារណាលើខ្លឹមសារឱ្យបានគ្រប់ជ្រុង​ជ្រោយ៕

ដោយ ជឹម ណារី