ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យមន្ដ្រីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញប្រឹង ប្រែងបំពេញភារកិច្ច ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសា ខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានជំរុញឱ្យមន្ដ្រីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញត្រូវបន្ដប្រឹងប្រែងបំពេញភារកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ។ ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះ ខណៈឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាល ជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលជាអង្គ ភាពធ្វើការងារមនុស្សធម៌ ក្នុងការជួយទៅដល់ជនងាយ រងគ្រោះថ្នាក់ផ្សេងៗនោះ កាលពីថ្ងៃ ពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្តល់ជួយ និងយកអំណោយមនុស្សធម៌ចែកជូនដល់អ្នករងគ្រោះ ដោយមិន ប្រកាន់រើសអើងនៅទូទាំងប្រទេស។

ឯកឧត្ដម ឃួង ស្រេង ក៏បានកោតសរសើរចំពោះមន្ត្រី បុគ្គលិកសាខាកាកបាទក្រហម កម្ពុជារាជធានីភ្នំពេញទាំងអស់ ដែលបានខិតខំបំពេញការងារនារយៈពេលកន្លងមក ព្រមទាំងបានផ្តល់អនុសាសន៍ ជំរុញតម្រង់ ទិសដល់មន្ត្រី ដែលកំពុងប្រតិបត្តិសាខា បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រូវមាន សាមគ្គីភាព ឯកភាពក្នុងស្មារតីក្រុម ដើម្បីធ្វើឱ្យសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ កាន់តែមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដែលស័ក្តិសមជាជំនួយការឱ្យ អាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងរាជធានីភ្នំពេញ៕

ដោយ សួស សំរិត