រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល៖ កម្ពុជាមានប្លុកប្រេងកាត២៥កន្លែង  ទាំងដែនគោក និងសមុទ្រ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា កម្ពុជានឹងមានតំណក់ប្រេងប្រើប្រាស់ផ្ទាល់ ខ្លួននៅពេលខាងមុខនេះ ដោយសារបច្ចុប្បន្ន កម្ពុជាមានប្លុកប្រេងកាតដែលអាចបូមខូងចំនួន ២៥កន្លែង រាប់ទាំងដែនសមុទ្រ និងដែនគោក។ ការលើកឡើងនេះ ក្នុងសិក្ខាសាលាឈ្វេង យល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត កាលពីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ក្នុង ទស្សវត្សរ៍​១៩៧០ ក្រុមប្រេងកាតរបស់ប្រទេសបារាំង បានចាប់ផ្តើមធ្វើការស្វែងរុករកធន ធាន ប្រេងកាត ដោយបានខួងអណ្តូងចំនួន៣កន្លែង នៅដែនសមុទ្រកម្ពុជា ប៉ុន្តែសកម្មភាព នេះត្រូវ បានផ្អាកទៅវិញដោយសារតែសង្គ្រាម។ ឯកឧត្ដមបញ្ជាក់ថា រហូតដល់ឆ្នាំ១៩៨៧ ការសិក្សា​ស្រាវជ្រាវបានចាប់ផ្តើមឡើងវិញ ក្រោមកិច្ចសហប្រតិបតិ្តការជាមួយនឹងអ្នកជំនាញប្រេងកាត​អតីតសហភាពសូវៀត ហើយគូសផែនទី បែងចែកប្លុកស្វែងរុករកប្រេងកាត​ទូទាំងប្រទេស​កម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា “ការគូសប្រេងកាតនេះផ្អែកទាំងស្រុកលើលក្ខខណៈ ភូគព្ភ​សាស្ត្រ ទាំងដែនគោក និងដែនដែនសមុទ្រ ហើយមកដល់បច្ចុប្បន្ននេះ កម្ពុជាមានប្លុក ប្រេង កាតចំនួន២៥ ក្នុងនោះ ដែនសមុទ្រ៦ប្លុក ដែនគោក១៩ប្លុក  និង៤តំបន់នៅដែនសមុទ្រ ត្រួតគ្នារវាងកម្ពុជា-ថៃ”។ ឯកឧត្តមបានបន្ថែមថា ដោយសារឃើញប្លុកប្រេងកាតនៅកម្ពុជា​មាន​នោះ នៅក្នុងឆ្នាំ១៩៩១ ក៏មានការដេញថ្លៃប្លុកប្រេងកាតនៅដែនសមុទ្រកម្ពុជាលើកដំបូង ដោយកម្ពុជាបានផ្តល់សិទ្ធិស្វែងរុករកនៅដែនសមុទ្រឱ្យក្រុមហ៊ុនចំនួន៣។ ជាមួយគ្នានេះ នៅក្នុងឆ្នាំ១៩៩៦ រាជរដ្ឋាភិបាល បានអនុញ្ញាត និងផ្តល់សិទ្ធិឱ្យសាជីវកម្មប្រេងកាតជប៉ុន​ធ្វើ​ការវាស់ស្ទង់តាមអាកាសដើម្បីវាយតម្លៃស្ថានភាពភូគព្ភសាស្ត្រជុំវិញតំបន់ទន្លេសាប និង​តំបន់ ទន្លេ​មេគង្គ។ បន្ទាប់មក នៅក្នុងឆ្នាំ១៩៩៧ រាជរដ្ឋាភិបាល ក៏បានចុះកិច្ចព្រមព្រៀងប្រេងកាត​ឱ្យក្រុមហ៊ុនប្រេងកាតអន្តរជាតិមួយចំនួន នៅតំបន់ទាមទារដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ។

ជាមួយគ្នានេះដែរ សកម្មភាពសិក្សាស្វែងរុករកប្រេងកាត នៅកម្ពុជាកាន់តែដំណើរការ​ច្រើនឡើងវិញ ទាំងនៅក្នុងដែនសមុទ្រ និងដែនគោក ជាពិសេសនៅក្នុងឆ្នាំ២០០២ រាជរដ្ឋាភិ​បាលបានចុះកិច្ចព្រមព្រៀងប្រេងកាតនៅប្លុក«A» ជាមួយក្រុមហ៊ុនChevron ដើម្បីធ្វើការស្វែង​រុករកប្រេងកាតនៅដែនសមុទ្រកម្ពុជា និងក្នុងឆ្នាំ២០០៦ រាជរដ្ឋាភិបាល  បានអនុញ្ញាត​និងផ្តល់សិទ្ធិឱ្យក្រុមហ៊ុន Petroleum Geo-Services ធ្វើការវាស់ស្ទង់ 2D Seismic ទាំងដែន គោក​ និងដែនសមុទ្រ និងបានចុះកិច្ចព្រមព្រៀង ប្រេងកាតជាមួយក្រុមហ៊ុន មកពីប្រទេសថៃ ចិន ជប៉ុន វៀតណាម  និងឥណ្ឌូណេស៊ី ដើម្បីធ្វើការស្វែងរុករក ដែលក្រុមហ៊ុនទាំងនោះ​សុទ្ធតែជាក្រុមហ៊ុនជំនាញ និងមានបទពិសោធន៍ និងសមត្ថភាពហិរញ្ញវត្ថុក្នុងសកម្មភាព​សិក្សាស្វែងរុករកប្រេងកាត នៅកម្ពុជា។

តែទោះបីយ៉ាងណាក្ដី ទាក់ទងនឹងច្បាប់ស្តីពីការគ្រប់គ្រងប្រឹងកាត និងផលិតផល​ប្រេង កាតវិញ ជំទាវ ស្រី និន សាផុន​ប្រធានគណៈកម្មការទី៩នៃរដ្ឋសភាបានលើកឡើងថា សេចក្តី ព្រាងច្បាប់នេះ នឹងដាក់ចូលក្នុសម័យប្រជុំសភាឆាប់ៗនេះ។ ប៉ុន្តែមុននឹងដាក់ចូលក្នុង​របៀប​វារៈ​សម័យប្រជុំនោះ សេចក្តីព្រាងច្បាប់នេះ ក៏នឹងត្រូវឆ្លងកាត់ការសិក្សាពីគណៈកម្មការ​ជំនាញ ​រដ្ឋសភាទាំងអស់ផងដែរ។  លោកជំទាវបានបន្ដទៀតថា កម្ពុជានឹងមានប្រេងប្រើ​ប្រាស់​ផ្ទាល់ខ្លួននៅពេលខាងមុខនេះ ដែលករណីនេះ​រាជរដ្ឋាភិបាលបានកំពុងតែខិតខំគិតគូរ​យ៉ាងខ្លាំង៕

ដោយ ប៊ុន រិទ្ធ