ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាត​ឱ្យ​អនុប្រធាន​ក្រុមហ៊ុន NIKE ចូលជួប​ពិភាក្សាការងារ​

AKP ភ្នំពេញ ថ្ងៃទី​០៦ ខែ​មិថុនា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃ​ពុធ​ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម​ ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​អនុញ្ញាត​ឱ្យ​លោក​ គ្រីស ហេលហ្សឺ (CHRIS Helzer) អនុប្រធានក្រុមហ៊ុនផលិតសម្លៀកបំពាក់ NIKE ដ៏ធំរបស់សហរដ្ឋអាមេរិក និងសហការី ចូល​ជួ​បពិភាក្សាការងារ​ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។​

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនតំណាងក្រុមហ៊ុន NIKE អំពីវិធានការសំខាន់ៗដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញតាមរយៈវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់វិនិយោគិន សំដៅពង្រឹងឯករាជ្យភាព និងលើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។

ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ​​អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងសហការីនៅទីក្រុងហុងកុងថ្មីៗនេះ ដើម្បីបង្ហាញពីឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងប្រែក្លាយវិស័យកាត់ដេរមួយជំហានបន្ថែមទៀត។

ទន្ទឹមនឹង​នេះ​​ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀត​អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តន៍កំណែទម្រង់ស៊ីជម្រៅ ដើម្បីជួយសម្រួលការធ្វើធុរកិច្ចរបស់វិស័យឯកជន សំដៅទាក់ទាញការវិនិយោគបន្ថែមពីបរទេស លើវិស័យសំ ខាន់ៗ ជាពិសេសឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។

ដោយ​ឡែក​ លោក គ្រីស ហេលហ្សឺ បានថ្លែងអំណរគុណចំពោះ​ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ ទាក់ទងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និង​បាន​គូសបញ្ជាក់​ថា​ កម្ពុជាមានអនុលោមភាពខ្ពស់ទៅនឹងស្តង់ដារពលកម្មអន្តរជាតិ តាមរយៈកម្មវិធីត្រួតពិនិត្យរោងចក្រនានាដែលបានអនុវត្តន៍ជាដៃគូ រវាងរដ្ឋាភិបាល និងវិស័យឯកជន។ ចំពោះក្រុមហ៊ុន NIKE អនុលោមភាពស្ដង់ដារពលកម្មអន្តរជាតិ ជាកត្តាមួយចម្បងផងដែរក្នុងការវិនិយោគ និងធ្វើការបញ្ជាទិញ ហើយក្រុមហ៊ុន NIKE នឹងបន្តប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ដោយយោងលើកត្តានេះ។

លោកអនុប្រធាន​ក៏​បាន​គូសបញ្ជាក់​ផងដែរ​អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន NIKE ក្នុង​ការបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគបន្ថែម ដើម្បីពង្រឹងចង្វាក់ផលិតកម្ម ផ្តល់ការងារជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា៕

ដោយ ទេស ច័ន្ទសុធារី​

រូបភាព៖ ក្រសួង​ពាណិជ្ជក​ម្ម​