ខេត្តព្រះសីហនុ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការបំពុលខ្យល់»

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ -មន្ទីរបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធាន បទ ”  ការបំពុលខ្យល់ ” នារសៀលថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅមុខវេទិកាបុណ្យជាតិ ៧ មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ មានប្រសាសន៍ថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកក្នុងឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ « ការបំពុលខ្យល់ » ក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និង សហគមន៍ឱ្យក្លាយជាភ្នាក់ងារសកម្មប្រកបដោយចីរភាព និងអភិវឌ្ឍន៍មេត្រីបរិស្ថាន ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសហគមន៍ពីសារៈសំខាន់ក្នុងការចូលរួមទប់ស្កាត់ ការផ្លាស់ប្តូរភាពអវិជ្ជមានចំពោះបញ្ហាបរិស្ថាន ដោយលើកទឹកចិត្តដល់វិស័យឯកជនចូលរួមថែរក្សាបរិស្ថាន និងការទទួលបានការគាំទ្រជាសកល ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាយុទ្ធនាការមួយ ដែលទទួលបានជោគជ័យនៅទូទាំងពិភពលោក ពិសេសជំរុញឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាននៅតាមបរិវេណក្បែរលំនៅឋានរបស់ពួកគេ ហើយយុទ្ធនាការនេះ គឺជាការចាប់ផ្តើមធ្វើឱ្យភពផែនដីស្អាត មានពណ៌បៃតង និងបរិយាកាសស្អាត ។

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអំពាវនាវឱ្យគ្រប់សហគមន៍ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធជួយការពារកាត់បន្ថយការបំពុលបរិស្ថាននៅតាមការដ្ឋានសាងសង់ សំណង់នានាដែលកំពុងសាងសង់សព្វថ្ងៃ និងតាមលំនៅឋានប្រជាពលរដ្ឋផងដែរ ធ្វើយ៉ាងណាចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា ដើម្បីភាពស្អាត និងបៃតង ៕

ដោយ ងូ សុមុនី