អាជ្ញាធរខេត្តកំពង់ឆ្នាំងជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន

​AKP កំពង់ឆ្នាំង ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ -អាជ្ញាធរខេត្តកំពង់ឆ្នាំង បាននិងកំពុងបន្តជំរុញការងារ​ចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ​ដើម្បី​ធានាបាន​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់​​កាន់កាប់ដីធ្លីស្របច្បាប់។

នៅក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិចំបក់កន្ទ្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកំពង់ឆ្នាំង ​បានជំរុញដល់​ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោល​ដៅឱ្យបានលឿនដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងនោះមានប្រជាពលរដ្ឋចូលរួមចំនួនជាង ២០០នាក់ ស្មើនឹង២៤៩៣ក្បាលដី។

លោក លី សុភា បានគូសបញ្ជាក់ថា អាជ្ញាធររដ្ឋបាលដីធ្លីបានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធជូន​ដល់ប្រជាពលរដ្ឋព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើ​ប្លង់រឹងលើដី​​ធ្លី ​ដើម្បី​ធានា​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់​​កាន់កាប់ ​​ ជា​ឯកសារ​សំអាងរឹងមាំបើមានជម្លោះដីធ្លី ពិសេសទៀតនោះបានធ្វើឱ្យ បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយ​យ៉ាងច្រើន។

លោកបានមានប្រសាសន៍ទៀតថា ជំនួសមុខឱ្យប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្ត សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបង្កើតឱ្យមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះឡើង។ ជាមួយនោះលោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដល់ក្រុមការងារ ដែលបាននិងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ។

លោកប្រធានមន្ទីរ បានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធដែលកំពុងធ្វើសកម្មភាពវាស់វែងដីធ្លីនេះ ក្នុងតំបន់គោលដៅមាននៅខេត្ត ក្រុង ស្រុកទាំង០៩ កំពុងដំណើរការយ៉ាងយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋ និងមិនគិតដល់ថ្ងៃឈប់សម្រាកឡើយ។

លោកបានបន្តឱ្យដឹងថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាម​ដំណាក់ គឺការកំណត់​តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង ដំណើរការផ្សព្វផ្សាយ ការចុះកំណត់ព្រំវាស់វែងនិងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី។ ការបិតផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃដើម្បី​ទុកលទ្ធភាពឱ្យម្ចាស់ដីនិងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារ និងក្បាលដី​របស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិន​​មាន​ទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូន​ម្ចាស់ដី។

លោកបានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការឱ្យបានល្អក្នុងឱកាសចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាមួយអង្គភាពពាក់ព័ន្ធ មីក្រូហិរញ្ញវត្ថុ និងអាជ្ញាធរ ភូមិ ឃុំ គ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួលការងារ និងដំណើរការបានល្អដោយរលូន យ៉ាងណាមិញក៏បានជួយលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារជូនប្រជាពលរដ្ឋបានល្អប្រសើរ ៕

ដោយ បៃ ស៊ីថុន