ខេត្តព្រះវិហារប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា​ ឆ្នាំ២០១៩ ក្រោមប្រធានបទ ​” ការបំពុលខ្យល់ ”​

AKP ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩​ -នៅក្នុងបរិវេណវិទ្យាល័យហ្មសែត បានរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា​ ក្រោមប្រធានបទ ​” ការបំពុលខ្យល់ ”​ ស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាល ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ​ នាព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមប្រមាណ​ ៦៦០នាក់​ ។

ឯកឧត្តម ស៊ូ សិរី បានមានប្រសាសន៍បញ្ជាក់ពីគោលបំណង នៃការប្រារព្ធទិវានេះ គឺដើម្បីបំផុសចលនាប្រជាពលរដ្ឋ មន្រ្តីរាជការ អាជីវករ ប្អូនៗសិស្សានុសិស្សទាំងអស់ ឱ្យចូលរួមទាំងស្មារតី សម្ភារៈ ក្នុងកិច្ចគាំពារបរិស្ថានឱ្យកាន់តែប្រសើឡើង ដើម្បីកាត់បន្ថយនូវការប្រើប្រាស់ថង់ប្លាស្ទិក ឬសំរាមពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ និងធ្វើឱ្យទីសាធារណៈមានសណ្តាប់ធ្នាប់ល្អ មានសោភណភាពល្អ ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត។

ឯកឧត្តមបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បរិមាណសំណល់រឹង សំរាម មានការកើនឡើងនៅទីប្រជុំជន នៅក្នុងក្រុងព្រះវិហារសព្វថ្ងៃ ពីការយកសំរាមទៅចាក់ក្នុង     រណ្តៅនៅទីលាន ក្នុងនោះថង់ប្លាស្ទីកត្រូវបានប្រជាពលរដ្ឋចោលពាសវាលពាសកាល និងសំណល់ស្អុយរលួយ ធ្វើឱ្យទីក្រុងខ្វះអនាម័យ គ្មានសណ្តាប់ធ្នាប់ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ។ ម្យ៉ាងទៀតមិនមានការញែកសំរាមឱ្យដាច់ដោយឡែកពីគ្នា និងការកែច្នៃសំរាមសម្រាប់ប្រើប្រាស់ឡើងវិញ ដើម្បីកាត់បន្ថយការកើនឡើងនៃសំរាម ។

ឯកឧត្តមបានលើកឡើងទៀតថា ការងារបរិស្ថានជាកិច្ចការដែលត្រូវបានពិភពលោក បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង គឺតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងក្របខ័ណ្ឌសហគមន៍សង្គមជាតិតំបន់ និងពិភពលោក ត្រូវបន្តរួមគ្នាពង្រឹងការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅដោយចីរភាព។ ខេត្តព្រះវិហារ ក៏ជាខេត្តមួយសម្បូរទៅដោយរមណីយដ្ឋានជាច្រើនប្រភេទ និងធនធានមានតម្លៃជាច្រើន ជាពិសេសរមណីយដ្ឋានប្រាសាទបុរាណ និង រមណីយដ្ឋានធម្មជាតិ ហើយធនធានទាំងអស់នេះ បានទ្រទ្រង់ដល់សកម្មភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន ព្រមទាំងបម្រើឱ្យវិស័យជាច្រើនរួមមាន  ទេសចរណ៍ សេវាកម្មផ្សេងៗ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តមបានបន្ថែមថា ការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោកនៅពេលនេះ គឺជាផ្នែកមួយនៃការបំផុសស្មារតីដល់គ្រប់សហគមន៍ និងកែប្រែឥរិយាបថ ឱ្យយកចិត្តទុកដាក់រួមគ្នាការពារបរិស្ថានគ្រប់ទីកន្លែង ស្របតាមប្រធានបទ “ ការបំពុលខ្យល់ ” និងបានអំពាវនាវឱ្យយើងទាំងអស់គ្នា ជួយសម្អាតអនាម័យបរិស្ថាន ដូចជា ការសម្អាតអនាម័យតាមលំនៅឋាន តាមទីសាធារណៈ យកចិត្តទុកដាក់គ្រប់គ្រងកាកសំណល់រឹង រាវ ឱ្យបានល្អ និងទប់ស្កាត់ការបង្ហូរកាកសំណល់ អាណាធិបតេយ្យជាដើម ៕

ដោយ ទិត ស្រ៊