មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានលើកឡើងថា ការងារបរិស្ថានជាកិច្ចការដែលពិភពលោក ទាំងមូលត្រូវយកចិត្តទុកដាក់

AKP បន្ទាយមានជ័យ ថ្ងៃទី០៥ខែមិថុនាឆ្នាំ២០១៩ — លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងសួងបរិស្ថានបានលើកឡើងថា ការងារបរិស្ថាន​ជាកិច្ចការដែលត្រូវបានពិភពលោក បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយតម្រូវឱ្យ គ្រប់អ្នកពាក់ព័ន្ធទំាងអស់ ទាំងក្នុងក្របខ័ណ្ឌសហគមន៍ សង្គមជាតិ តំបន់ និងពិភពលោក ត្រូវបន្តចូលរួមពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។ ការលើក​ឡើង​នេះ បានធ្វើឡើងក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ​និងទិវាបរិស្ថានពិភពលោក​៥មិថុនា​ ឆ្នាំ២០១៩ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៥ ខែមិថុនានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន។

លោកជំទាវ ម៉ុម ថានី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមទាំងប្រជាពលរដ្ឋ​ខិតខំ​រិះ​រកវិធានការ និងដំណោះស្រាយឱ្យបានសមស្របដើម្បីរក្សាឱ្យបាននូវសុវត្ថិភាព នៃភពផែន ដី វឌ្ឍនភាពសង្គម និងការរស់នៅ ដោយចីរភាព។ ជាមួយគ្នានេះ ត្រូវចូលរួមយកចិត្តទុក ដាក់ចំពោះបរិស្ថាននេះក៏ជាការឆ្លើយតបចំពោះរាជរដ្ឋាភិបាល ដែលបានអនុម័តផែនការ យុទ្ធ​សាស្រ្តរបស់ជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០១៤-២០២៣ ដោយមាន ចក្ខុវិស័យគាំទ្រកម្ពុជាអភិវឌ្ឍន៍ឆ្ពោះទៅសង្គមមួយបៃតង ដែលបញ្ចេញកាបូនតិច ធន់នឹងការ​ប្រែប្រួល អាកាសធាតុ និងពឹងផ្អែកលើ ចំណេះដឹងជាគោល ដើម្បីជាត្រីវិស័យ តម្រង់ទិស សកម្មភាព ឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ នៅកម្ពុជា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល និងបណ្តាប្រជាជាតិ លើសកលលោក បានប្រារព្ធទិវា​បរិស្ថានជាតិ និងបរិស្ថានពិភពលោក ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និង​បញ្រ្ជាប​ចំណេះដឹងអំពីភាពចាំបាច់ និងសារៈប្រយោជន៍នៃកិច្ចគាំពារបរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និងការប្រើប្រាស់ធនធាន ធម្មជាតិឱ្យបានសមស្រប សំដៅកែប្រែផ្នត់គំនិត និង ឥរិយាបថរបស់មហាជនគ្រប់មជ្ឈដ្ឋាន ឱ្យទៅជាកម្លាំងចលករ ដើម្បីរួមចំណែក ដល់ការលើក កម្ពស់ ប្រសិទ្ធភាពការងារគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាននៅលើភពផែនដី ស្របទៅ តាមទស្សនទាន «ការអភិវឌ្ឍដោយចីរភាព»។ ដោយឡែកក្នុង ក្របខ័ណ្ឌជាតិ រាជរដ្ឋាភិបាល បានកំណត់ យកថ្ងៃ «៥ មិថុនា» ជាទិវាបរិស្ថានជាតិ ហើយសម្រាប់ឆ្នាំ២០១៩នេះ គឺជាឆ្នាំ គម្រប់ខួបលើកទី២៦ នៃការប្រារព្ធ «ទិវាបរិស្ថានជាតិ» នៅកម្ពុជាផងដែរ។ ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភព លោក ៥ មិថុនា ២០១៩ បានប្រព្រឹត្តទៅ ដោយមានកម្មវិធីផ្សព្វផ្សាយ និងផ្តល់ព័តមាន ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន រួមមានកម្មវិធីសំនួរចម្លើយដល់សិស្សានុ​សិស្ស ការដាំដើមឈើអនុស្សាវរីយ៍ និងការជិះកង់ពីក្រុងសិរីសោភ័ណ្ឌ មកទីក្រុងប៉ោយប៉ែត និងជុំវិញទីក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីគណៈធិបតី យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់៕

ដោយ ឡុង ស៊ីវ៉ាន់