ក្រសួងសេដ្ឋកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួនពីរ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹក នាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួនពីរគឺ “សេចក្តី ព្រាង​យុទ្ធសាស្ត្រជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥”និង “សេចក្តីព្រាងច្បាប់​ស្តីពីរបបសន្តិសុខសង្គម”។ កិច្ចប្រជុំអន្តរក្រសួងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពី បរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងសេចក្តី ព្រាងច្បាប់ស្តីពីរបប សន្តិសុខសង្គម គឺឯកសារមានសារៈសំខាន់របស់រាជរដ្ឋាភិបាល លើការ ងារកែទម្រង់ដែលមានភាពប្រទាក់ក្រឡាគ្នា គាំទ្រដល់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និង កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដើម្បីឈានទៅសម្រេចឱ្យបាន នូវចក្ខុវិស័យឆ្នាំ ២០៣០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងធានាបានការអនុវត្តន៍ ប្រកបដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ ក៏ដូចជា យុទ្ធសាស្ត្រនានា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សេចក្តីព្រាងយុទ្ធ​សាស្ត្រជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ផ្តោតការយកចិត្តទុកដាក់​លើការលើក​កម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាឧបករណ៍ទ្រទ្រង់ដល់ការអនុវត្តប្រកបដោយ​ប្រសិទ្ធភាពនូវ“យុទ្ធសាស្រ្តអភិវឌ្ឍន៍ហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥”។ ជាមួយគ្នានេះដែរ ក្នុង គោលដៅជំរុញលើក​កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈបរិយាប័ន្នហិរញ្ញវត្ថុ សេចក្តីព្រាងយុទ្ធសាស្ត្របានបង្ហាញពីគោលនយោបាយ ចក្ខុវិស័យ និងទិសដៅក្នុងការជំរុញ បរិយាប័ន្នហិរញ្ញវត្ថុ បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់ បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ និងពង្រីកការ ប្រើប្រាស់សេវាហិរញ្ញ វត្ថុផ្លូវការ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ ក៏ដូចជា គាំទ្រដល់កំណើន​សេដ្ឋកិច្ច។ ក្នុងសេចក្តីព្រាងយុទ្ធសាស្ត្រ ក៏បានរំលេចចេញជាសកម្មភាពអាទិភាព ដូចជា លើកទឹកចិត្តឱ្យមានការសន្សំនៅតាម គ្រឹៈស្ថានហិរញ្ញវត្ថុផ្លូវការ, ជំរុញនវានុវត្តន៍ផលិតផល​ឥណទាន​សម្រាប់សហគ្រាសធុនតូចបំផុត តូច និង មធ្យម, ពង្រីកសមត្ថភាពប្រព័ន្ធទូទាត់, ពង្រីកការផ្តល់សេវាធានារ៉ាប់រងឱ្យបានទូលំទូលាយ, ពង្រឹងសមត្ថភាពនិយ័តករវិស័យ ហិរញ្ញវត្ថុ និងលើកកម្ពស់សិទ្ធិអតិថិជន និងបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ។

សម្រាប់ យុទ្ធសាស្ត្រនេះ នឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋដែលពុំទាន់មានលទ្ធភាពទទួល​បានសេវាហិរញ្ញវត្ថុផ្លូវការ ក៏ដូចជាសហគ្រាសធុនតូចបំផុត តូច និង មធ្យម នូវឱកាស​បង្កើតធុរកិច្ច បង្កើនលទ្ធភាពវិនិយោគ និងទទួលបានសេវាប្រឹក្សាសេវាហិរញ្ញវត្ថុ ជាដើម ។ ចំណែកឯ“ច្បាប់ស្តីពីរបបសន្តិសុខសង្គម” មានគោលបំណងបង្កើតឱ្យមានរបបសន្តិ​សុខ​សង្គម នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅធានាឱ្យមានសមធម៌ និងសាមគី្គធម៌សង្គម ក៏ដូចជាដើម្បីលើកកម្ពស់សុខុមាលភាពនិងជីវភាពរបស់ប្រជាពលរដ្ឋ។ ច្បាប់នេះ មានគោល ដៅកំណត់អំពីគោលការណ៍ទូទៅ បែបបទ យន្តការអនុវត្ត និងប្រព័ន្ធគ្រប់គ្រងរបបសន្តិសុខ សង្គម ដែលរួមមាន ផ្នែកប្រាក់សោធនិវត្ដន៍ ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែក និកម្មភាពការងារ។ លើសពីនេះទៅទៀត ច្បាប់នេះ មានវិសាលភាពអនុវត្តន៍ ចំពោះ បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ, បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារដោយរួមបញ្ចូលបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំង អ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍ ៕

ដោយ គង់ សិរីរ័ត្ន