ឯកឧត្ដម វ៉ា ថន អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា កាលពីព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។       

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ លោកលោកស្រី ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត និងបងប្អូនជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន និងសមាជិកសមាជិកា សមាគមយុទ្ធជនកម្ពុជាប្រមាណជាង៣០០នាក់។

លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តក្រចេះ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់អតីតយុទ្ធជនដែលបានធ្វើពលិកម្ម  ដើម្បីបុព្វហេតុជាតិមាតុភូមិសំដៅលើកកម្ពស់មនសិកាស្នេហាជាតិ ស្មារតីលះបង់របស់យុទ្ធ ជនគ្រប់ស្រទាប់ក្នុងបុព្វហេតុជាតិមាតុភូមិ មន្ទីរសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបានយកចិត្តទុកដាក់បំពេញបែបបទទាំងអ្នកនៅក្នុង បន្ទុកឱ្យទទួលបានប្រាក់គោល របបពីរដ្ឋដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលគិតដល់ត្រឹមខែឧសភា ២០១៩នេះសរុបចំនួន១.២៥១នាក់ និងអ្នកនៅក្នុងបន្ទុក សរុបចំនួន ១.៧៤៩នាក់ ក្នុងនោះមាននិវត្តន៍ជនចំនួន ៤២៧នាក់ (អតីតនគរបាល ២៧៩នាក់) ជនបាត់បង់សមត្ថភាពការងារចំនួន៦២នាក់ (អតីតនគរបាល៥នាក់) ជន ពិការ ចំនួន១៨៦នាក់ (អតីតនគរបាល១០នាក់) គ្រួសារជនពលីចំនួន ៤៥១នាក់ (អតីតន គរ បាល៩៤នាក់) គ្រួសារមរណៈចំនួន៤៥១នាក់ (អតីតនគរបាល ៥០នាក់) ដែលត្រូវចំណាយ ថវិការដ្ឋក្នុងមួយខែៗចំនួន ៤៧០,៧៨៤,៤៤៦រៀល និងបានប្រគល់ប្រាក់បេឡាមរណៈ សង្គ្រោះជូនគ្រួសារសពសមាជិក សមាជិកាសមាគម គិតចាប់ចាប់ពីឆ្នាំ២០០៧ នៃការបង្កើត សមាគមរហូតដល់បច្ចុប្បន្នបានចំនួន ២៣២សព សរុបទឹកប្រាក់ចំនួន ៩២៨លានរៀល។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន ខេត្តបានមានប្រសាសន៍លើកឡើងពីការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្ត គោលនយោបាយនានាដើម្បីលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់បងប្អូនអតីត យុទ្ធជនជាបន្តបន្ទាប់ ដូចជាការផ្ដល់សម្បទានដីសង្គម កិច្ចដល់អតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជន កសាងភូមិអភិវឌ្ឍន៍យោធិនពិការ និងបាននិងកំពុងបំពេញតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់តួនាទីរបស់បងប្អូនអតីតយុទ្ធជននៅក្នុងសង្គម ជាតិ ដោយបំផុសស្មារតី សាមគ្គីជួយគ្នាទៅវិញ ទៅមក និងចលនាប្រឡងប្រណាំង ដើម្បីលើក កម្ពស់ជីវភាពរបស់ បងប្អូនអតីតយុទ្ធជន និងគ្រួសារព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ អតីតយុទ្ធ ជននិងគ្រួសារក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន មន្ត្រីរាជការ អតីតយុទ្ធជន និងយុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋព្រម ទាំងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ផ្នែកឯកជនទាំងអស់ សូមជួយឧបត្ថម្ភគាំទ្រ និងផ្សារភ្ជាប់ជាមួយអតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិក៏ដូចជាយុទ្ធជនយុទ្ធនារីដែលកំពុងបំពេញបេសកកម្មនៅតាមតំបន់ព្រំដែន ដែនកោះនានាដើម្បីការពារ បូរណភាពទឹកដីមាតុភូមិអង្គរដ៏បវរនៃយើងទទួលបាននូវសុខសន្តិភាព៕

ដោយ ជួន សុជាតិ