អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដល់​អតីតយុទ្ធជន

AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ — អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានិច្ចកាលបាន យក​ចិត្តទុកដាក់​ខ្ពស់ណាស់ដល់អតីតយុទ្ធជនដើម្បីធ្វើយ៉ាងណាជំរុញដល់ ជីវភាពរស់នៅ ឱ្យកាន់​តែមានភាពប្រសើរឡើងថែមទៀតនោះ។ ឯកឧត្តមបានលើកឡើងកាលពីព្រឹកថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសចុះជួប​សំណេះសំណាលជាមួយបងប្អូនគ្រួសារអតីតយុទ្ធជននិងពិនិត្យមើលការសាងសង់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  និង​អំណោយរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ​ ជូនដល់អតីតយុទ្ធជនចំនួន៤០០ខ្នង លើដីសម្បទានសង្គមកិច្ចក្នុង តំបន់អភិវឌ្ឍន៍អតីតយុទ្ធជនខេត្តបន្ទាយមានជ័យ(តំបន់ការ៉េ២)។​​

ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានថ្លែងកោតសរសើរដល់អតីតយុទ្ធជន ទាំង អស់នោះ ដែលកន្លងមកបានតស៊ូដោយបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការច្បាំង តតាំង និងខ្មាំងសត្រូវឈ្លានពានទឹកដី រហូតដល់ធ្វើ​ឱ្យប្រទេសកម្ពុជាទាំងមូល មានស្ថិរភាព ពេញលេញ និងមានសុខសន្តិភាពសន្តិសុខល្អនិងមានការ អភិវឌ្ឍលើគ្រប់វិស័យដែល មិនអាចកាត់ថ្លៃបាននោះ។ ដោយសារបងប្អូនអតីតយុទ្ធជនទាំង​អស់នេះ មានគុណ ជាមួយជាតិខ្លាំងនោះ ទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ លើបងប្អូនអតីតយុទ្ធជន ទាំងនេះយ៉ាងខ្លាំងធ្វើឱ្យក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់នេះមានភាពកក់ក្តៅនិងមានជំនឿជឿជាក់លើរាជរដ្ឋា ភិបាល​ក្រោមការដឹកនាំរបស់សម្តេចតេជោ​ហ៊ុនសែន។

ឯកឧត្តមបានឱ្យដឹងទៀតថា ក្រៅពីការផ្តល់ផ្ទះសម្បែងដែលជាទីជម្រកសម្រាប់ការ ស្នាក់នៅយ៉ាងសមរម្យហើយនោះរាជរដ្ឋាភិបាលក៏ផ្តល់ដីធ្លីជារបបគោលនយោបាយសម្រាប់ឱ្យ​ពួកគេសម្រាប់បង្កបង្កើនផលកសិកម្មផងដែរ។ ក្រៅពីនេះនូវមានការរៀបចំផ្តល់ជូន នូវសេវា​សុខាភិបាលដើម្បីជួយថែទាំសុខភាពនិងសេវាអប់រំមានសាលារៀន នៅជិតផ្ទះឱ្យកូនចៅពួកគាត់បានចូលរៀនសូត្រគ្រប់គ្នា។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យក្នុងនាមអាជ្ញាធរដែនដី និងជួសមុខ ឱ្យអតីតយុទ្ធជនកម្ពុជាខេត្តបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់អតីតយុទ្ធជនក៏ដូចក្រុមគ្រូសារដោយបានធ្វើឱ្យស្ថានភាពជីវ​ភាពរស់នៅរបស់ពួកគេមានការផ្លាស់ប្តូរកាន់ តែប្រសើរឡើងជាលំដាប់នោះ៕

ដោយ ឈុន សារ៉ាត