គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នាំយកថវិកា១ម៉ឺនដុល្លារជូនដល់មន្ទីរពេទ្យ គន្ធបុប្ជា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា NOCC បាននាំ យកថវិកាចំនួន១ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ដែលថវិកាទាំងនេះ ទទួលបានពីការ រៀបចំទិវារត់ប្រណាំង ភ្នំពេញពាក់កណ្ដាល ម៉ារ៉ាតុង អន្ដរជាតិ លើកទី៨ ឆ្នាំ២០១៨ ដើម្បីរួមចំណែកជួយដល់អាយុជីវិតទារក និងកុមារ ដោយមន្ទីរពេទ្យមួយនេះ កំពុងព្យាបាលដោយឥតគិតថ្លៃ។ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ថវិកានេះសល់ពីការរៀបចំទិវារត់ពាក់ កណ្ដាលម៉ារ៉ាតុងភ្នំពេញ កាលពីឆ្នាំ២០១៨។ ជារៀងរាល់ឆ្នាំ NOCC តែងផ្ដល់ថវិកាទទួលបាន ពីព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ ដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ដូច្នេះហើយទើប NOCC ក្នុងនាមចលនាអូឡាំពិកកម្ពុជានៅកម្ពុជាតែងតែរួមរំលែក ដើម្បីជួយដល់ កូនខ្មែរ​ទាំងអស់គ្នា។ ឯកឧត្ដមបានបន្ដថា ការប្រគល់ថវិកាសប្បុរសធម៌ចំនួន១ម៉ឺនដុល្លារ ពេលនេះ គឺមុនពេលទិវារត់ប្រណាំងភ្នំពេញពាក់ កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៩ ឆ្នាំ២០១៩ នឹង​ចូល​​មកដល់នាថ្ងៃទី១៦ ខែមិថុនាឆាប់ៗនេះ។ ឯកឧត្តមរំពឹងទុកថា ឆ្នាំ២០១៩ គណៈកម្មការ​រៀបចំនឹងទទួលបានថវិកាកើនឡើងបន្ថែមទៀត សម្រាប់រួមចំណែកជួយដល់សង្គម ពិសេស​គឺមន្ទីរ ពេទ្យគន្ធបុប្ផា ដោយសារបច្ចុប្បន្នមានការចុះឈ្មោះចូលរួមកាន់តែកើនឡើង ខណៈ ពេលនេះមានអ្នកចុះឈ្មោះជាតិ និងអន្តរជាតិបានជិត៥.០០០នាក់ ហើយទម្រាំ ទិវាចូលមក ដល់អាចនឹងទទួលបានប្រមាណ១.០០០នាក់បន្ថែមទៀត។ ឯកឧត្តមលើកឡើងយ៉ាងដូច្នេះថា «ឥឡូវនេះអ្នកចុះឈ្មោះត្រៀម រត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី៩ កើនដល់ជិត៥ពាន់​នាក់ហើយ ទម្រាំយើងបើកទទួលចុះឈ្មោះ ផ្ទាល់នៅមុខព្រះបរមរាជវាំងចាប់ពីថ្ងៃទី០៧-១៥ ខែមិថុនា យើងសង្ឃឹមថា នឹងទទួលបានអ្នកចុះឈ្មោះ១ពាន់នាក់ទៀត។ ដូច្នេះយើងឃើញ​ការចូលរួម ឆ្នាំនេះលើសពីឆ្នាំមុនច្រើន ហើយយើងរំពឹងការចូលរួមកាន់តែច្រើន យើងទទួល បានចំណូល ច្រើន ហើយផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផាកាន់ តែច្រើនថែមទៀត។”

ជាមួយគ្នានេះដែរ តំណាងមន្ទីរពេទ្យគន្ធបុប្ផាបានសម្តែងអំណរគុណចំពោះគណៈកម្មា ធិ​ការ​ជាតិអូឡាំពិកកម្ពុជា ដែលតែងបរិច្ចាគថវិកា និងបន្ដគាំទ្រសកម្មភាពរបស់មន្ទីរពេទ្យគន្ធ បុប្ផា​ជារៀងរាល់ឆ្នាំ។ សម្រាប់គោលបំណងចម្បងនៃការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់ កណ្ដាលម៉ារ៉ាតុងអន្ដរជាតិនេះ គឺដើម្បីចូលរួមអបអរសា ទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, រត់ដើម្បីទីក្រុង​ស្អាត-បៃតង រត់ដើម្បីសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងរត់ឆ្ពោះទៅ ស៊ីហ្គេម លើកទី ៣២ នាឆ្នាំ២០២៣ ដោយមានវិញ្ញាសារត់២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣​គីឡូម៉ែត្រ៕

ដោយ ហេង ណាលីន