បទយកការណ៍៖ អ្នកជំនាញផ្នែកសារព័ត៌មានលើកឡើងថា កម្ពុជា នឹងទទួលបាននូវអត្ថ​​ប្រយោជន៍ច្រើនក្នុងការរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ី២០១៩

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩​ — ស្របពេលដែលសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩  ដែលកម្ពុជាទទួល​ធ្វើជាម្ចាស់ផ្ទះជាលក្ខណៈអន្ដរជាតិ និងមានអ្នកចូលរួមប្រមាណ៥០០នាក់ មកពីបណ្ដា​ប្រទេសជាង៤០ នៅក្នុងតំបន់ និងពិភពលោក ដែលនឹងធ្វើឡើងនៅខេត្តសៀមរាប ចាប់ពី ថ្ងៃទី១០ ដល់១៤ ខែមិថុនាខាងមុខនេះ។

អ្នកជំនាញផ្នែកវិស័យសារព័ត៌មាន បានបង្ហាញការ​យល់ឃើញប្រកបដោយសុទិដ្ឋិនិយម និងចាត់ទុកថា កម្ពុជា នឹងទទួលបាននូវអត្ថប្រយោជន៍​ច្រើនក្នុងការទទួលបាននូវចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យព័ត៌មាន ក៏ដូចជាវិស័យទេសចរណ៍ និងវប្បធម៌ ជាពិសេសការធ្វើឱ្យគេស្គាល់មុខមាត់ពិតរបស់កម្ពុជា នៅលើ​ឆាក​អន្ដរជាតិ។

លោក លាង ដឺលុច អគ្គនាយកសារព័ត៌មានគេហទំព័រថ្មីៗ បានបញ្ជាក់ឱ្យដឹងថា ការ​រៀបចំ​សន្និសីទ​​កំពូលសារព័ត៌មានអាស៊ីឆ្នាំ២០១៩នៅកម្ពុជានេះ គឺវាពិតជាមានសារៈសំខាន់ ណាស់ ដែលជាវេទិកាអន្ដរជាតិមួយក្នុងការប្រមូលផ្ដុំអ្នកជំនាញសារព័ត៌មានផង និងអ្នកដឹក នាំក្រុម​ហ៊ុន​​សារព័ត៌មានផង។ ទន្ទឹមនេះ ក៏មានអ្នកសា្រវជ្រាវក្នុងវិស័យសារព័ត៌មាន អ្នកដឹក នាំក្រុម​ហ៊ុន​​សារព័ត៌មាន ដែលនឹងនាំយកនូវបទពិសោធន៍ ចំណេះដឹងផ្សេងៗគ្នាមកធ្វើការ ចែក​រំលែក​នៅក្នុងវេទិកានេះ។ លោកបានបន្ថែមថា “នេះជាពេលវេលាដែលកម្ពុជាអាចស្ដាប់ បទ​ពិសោធន៍​ពីបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីធ្វើការអភិវឌ្ឍផ្នែកវិស័យព័ត៌មាន បើទោះបី​កម្ពុជា នៅមិនទាន់ខ្លាំងខាងបច្ចេកវិទ្យាឌីជីថលនេះក្ដី ប៉ុន្ដែកម្ពុជាអាចមានសមត្ថភាព​ក្នុងការ​រៀបចំវេទិកាអន្ដរជាតិក្នុងការទទួលអ្នកសារព័ត៌មានរាប់រយនាក់មកពីបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក”។ លោកបានបន្ថែមទៀតថា ក្រៅពីការទទួលបានចំណេះដឹង បទពិសោធន៍ និងជំនាញពីវិស័យសារព័ត៌មាននេះ កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍ពីវិស័យទេស​ចរណ៍ និងវប្បធម៌ ដោយសារការរៀបចំបានធ្វើនៅទីក្រុងសៀមរាប អង្គរ ដែលជាទីកន្លែង បង្ហាញពីឥទ្ធិពល និងអំណាចរបស់កម្ពុជា កាលពីសម័យដើម ជាពិសេសអ្នកចូលរួមក្នុង ក្នុងសន្និសីទនេះ បានមកទស្សនាផ្ទាល់នៅតាមប្រាសាទ​នានាក្នុងតំបន់អង្គរ។ លោកបានឱ្យ​ដឹង​ដែរថា សម្រាប់អ្នកសារព័ត៌មាន ឬបណ្ដាភាគី​ពាក់ព័ន្ធ​ដែលបានមកចូលរួមក្នុងសន្និសីទ និងទស្សនាប្រទេសកម្ពុជា នឹងបានមើលឃើញពីស្ថានភាព​ជាក់ស្ដែង និងស្គាល់ពីកម្ពុជា​ពិតប្រាកដ ហើយនាំយកត្រឡប់ទៅវិញនូវអ្វីដែលបានមើល​ឃើញជាក់ស្ដែងនៅ​កម្ពុជា ដើម្បី​យកទៅធ្វើការផ្សព្វផ្សាយឱ្យប្រជាជនរបស់ពួកគេ និងអ្នក​ទេសចរណ៍ផ្សេងៗទៀត​ឱ្យបានដឹង ហើយបានស្គាល់ពីប្រទេសកម្ពុជា។

លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាក៏បានលើកឡើងដែរថា សន្និសីទនេះ នឹងមានការជជែកពិភាក្សាគ្នាពីការវិវត្តថ្មីៗលើវិស័យព័ត៌មានក្នុងសម័យបច្ចេកវិទ្យាដោយ ប្រទេសនីមួយៗត្រូវធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងគុណភាព។ លោកបាន​បន្ដថា សម្រាប់ប្រទេសកម្ពុជាយើងវិញ កម្ពុជាកំពុងឆ្លងកាត់បដិវត្តន៍ឧស្សាហកម្ម ហើយ​កម្ពុជាក៏ជាប្រទេសកំពុងរត់តាមគេនៅក្នុងបច្ចេកវិទ្យានេះផងដែរ។ ដូច្នេះ ការទទួលបាននូវ​ចំណេះដឹង ក៏ដូចជាការសិក្សាបទពិសោធន៍ពីប្រទេសផ្សេងៗ គឺជាឱកាសមួយល្អ ដើម្បីធ្វើ​យ៉ាងណា ពង្រឹងផ្នែកវិស័យព័ត៌​មាន​នេះ ឱ្យមានការអភិវឌ្ឍបន្ថែមទៀត។ លោកប្រធានក្លិបរូប​នេះបានថ្លែងទៀតថា “កម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ និងជាសមាជិក​អាស៊ាន ដែលជារដ្ឋអធិបតេយ្យ មួយមានមុខមាត់ស្មើគេអាចទទួលធ្វើជាម្ចាស់ផ្ទះនៃ​ព្រឹត្តិការ​ណ៍​ដ៏ធំបែបនេះ គឺជាការផ្តល់សញ្ញាថា ប្រទេសយើងអាចធ្វើបានដូចគេ​ដូចឯង”។ លោកបាន​បង្ហាញក្ដីសង្ឃឹមថា តាមរយៈតំណាងបណ្តាប្រទេសផ្សេងៗ ដែលបានមកចូលរួមក្នុង​សន្និសីទ នៅក្នុងខេត្តសៀមរាបនេះ ពួកគេនឹងបានមើលតំបន់ទេសចរណ៍ដ៏អស្ចារ្យ ខណៈពេលត្រឡប់​ទៅវិញ ពួកគេអាចជួយផ្សព្វ​ផ្សាយភាពអស្ចារ្យនៃប្រទេសកម្ពុជាដែលមានតំបន់ប្រាសាទ រមណីយដ្ឋានធម្មជាតិ ដើម្បី​ចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនថែមទៀត មក​ទស្សនា​កម្ពុជា។

ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំដោយ​ក្រសួងព័ត៌មាន នៃ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកសម្រាប់​ការ​អភិវឌ្ឍប្រព័ន្ធផ្សព្វ ផ្សាយ (AIBD) ក្នុងគោលបំណង ដើម្បីផ្លាស់ប្តូរយោបល់ស្តីអំពីអនាគតនៃវិស័យសារព័ត៌មាន ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទីបួន ក្រោម​ប្រធានបទ៖ “ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការ​ផ្តោតលើការអភិវឌ្ឍទីផ្សារ”។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយក ដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សន្និសីទកំពូលសារ ព័ត៌មានអាស៊ីនេះគឺជាឱកាសល្អមួយដើម្បីឱ្យមន្ត្រីរបស់កម្ពុជាបានសិក្សាឈ្វេងយល់ពីបទពិសោធន៍ថ្មីៗ សម្រាប់អភិវឌ្ឍន៍ខ្លួន​ និងអាចយកចំណេះដឹងពីសន្និសីទនេះទៅអនុវត្តន៍​សម្រាប់​ការងារប្រចាំថ្ងៃផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា “កម្ពុជានឹងធ្វើឱ្យពិភពលោក បាន ឃើញកាន់តែច្បាស់ពីការរីកចម្រើននៃការអភិវឌ្ឍប្រទេស នៅពេលមកចូលរួម សន្និសីទ កំពូលសារព័ត៌មានអាស៊ីនេះ ដែលអ្នកសារព័ត៌មាន នឹងផ្តិតយករូបភាពពិតនៅកម្ពុជា​ផ្សព្វ​ផ្សាយឱ្យពិភពលោក​បានដឹងច្បាស់”។

ជាមួយគ្នានេះដែរ ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន​ក៏បាន បញ្ជាក់ឱ្យដឹងដែរថា នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលសារព័ត៌មានអាស៊ី ខាងមុខនេះ មានអ្នក​សារព័ត៌មានជាង៤០ប្រទេសបានចុះឈ្មោះចូលរួម ហើយឯកឧត្តម សង្ឃឹម​ថា ពួកគេនឹងចូល​រួមជួយផ្សព្វផ្សាយពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដូចជាវិស័យ សង្គមកិច្ច សេដ្ឋកិច្ច និងសម្បត្តិវប្បធម៌ជាដើម។ ឯកឧត្ដមបានបន្ដថា ក្រៅពីការចូលរួមក្នុង សន្និសីទនេះ ប្រតិភូអ្នក​សារព័ត៌មានក៏នឹងបានទស្សនាសារៈមន្ទីរមីនដើម្បីឈ្វេងយល់ប្រវត្តិ ពីប្រទេសកម្ពុជាឆ្លងកាត់សង្រ្គាម ប្រទេសចូលរួមសង្រ្គាម ការបន្សល់ទុកសំណល់សង្រ្គាម និងផលលំបាក ប៉ះពាល់​ដល់វិស័យសង្គមកិច្ច។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា “តាមរយៈ ការទស្សនា​សារៈមន្ទីរមីននេះ នឹងបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីប្រែក្លាយដីចម្ការមីន ក្លាយជា ដីកសិកម្ម និងឧស្សាហកម្ម ទម្រាំ​កម្ពុជាអាចអភិវឌ្ឍន៍ប្រទេសបានសុខសន្តិភាព និងមានសុខ ដុមរមនាដូចសព្វថ្ងៃនេះ»។

កិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី ឆ្នាំ២០១៩ នឹងត្រូវប្រារព្ធបើកជាផ្លូវការនៅថ្ងៃទី១២ ខែមិថុនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីពិធីបើក នឹងមានកិច្ចប្រជុំ​ពេញអង្គចំនួន០៨ ដែលពិភាក្សាអំពីផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្មទីបួន ក្រោមប្រធានបទ៖ បញ្ញាសិប្ប​និម្មិត បច្ចេកវិជ្ជាចុងក្រោយក្នុងការចែកផ្សាយព័ត៌មាន យុទ្ធសាស្ត្រដើម្បីជំនះព័ត៌មានមិន​ពិត ឬព័ត៌មានក្លែងក្លាយ យុទ្ធសាស្រ្តប្រព័ន្ធផ្សាព្វផ្សាយក្នុងការរកចំណូល ។ល។

តែទោះយ៉ាងណាក៏ដោយ លោក លាង ដឺលុច ក៏បានកត់សម្គាល់ឃើញថា បច្ចុប្បន្ន វិស័យសារព័ត៌មាននៅកម្ពុជា បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសក្នុងតំបន់លើវិស័យឌីជីថល​គឺកម្ពុជា​អាចនៅក្មេងខ្ចីជាងគេ ទាំងផ្នែកបទពិសោធន៍ ទាំងផ្នែកសម្ភារ និងបច្ចេកទេស ដែល​នេះជាពេលវេលា ដែលយើងត្រូវការរៀនសូត្រ ត្រូវការស្ដាប់ និងទទួលយកបទពិសោធន៍​ពីបណ្ដាប្រទេសផ្សេងៗដែលមានការអភិវឌ្ឍ​លើវិស័យព័ត៌មាននេះ។ លោកបានចាត់ទុកថា “តាមរយៈសន្និសីទនេះ ខ្ញុំមើលឃើញថា កម្ពុជាគឺបានផ្សព្វផ្សាយពីកម្ពុជាបានច្រើនទាក់ទង​នឹង​វិស័យសារព័ត៌មាន វិស័យទេសចរណ៍ វប្បធម៌ និងសន្ដិសុខទូទៅ ដើម្បីបង្ហាញពិភព​លោក ឱ្យកាន់តែស្គាល់​ច្បាស់ពីកម្ពុជាបច្ចុប្បន្ន”។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ឆ្នាំ២០១៩ និងកិច្ច ប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី១០-១៤ខែមិថុនាឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ក្នុងខេត្ដសៀមរាប។ សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ឆ្នាំ២០១៩ អមជាមួយកិច្ចប្រជុំ ពាក់ព័ន្ធនេះ នឹងប្រព្រឹត្តទៅរយៈពេល០៤ថ្ងៃ និងមានវត្តមានចូលរួមពីប្រតិបត្តិករសោតទស្សន៍ តំណាង បណ្តាប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម អ្នកស្រាវជ្រាវ អ្នកជំនាញ និង អ្នករៀប ចំគោលនយោបាយ ដែលអញ្ជើញមកពីប្រទេសនានានៅលើពិភពលោក សរុប ប្រមាណជាង ៤០ប្រទេស ដើម្បីជួបជុំពិភាក្សាអំពីការអភិវឌ្ឍបច្ចេកវិទ្យាលើវិស័យព័ត៌មាន។ ទន្ទឹមនេះ មុន ឈានដល់សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ចាប់ពីថ្ងៃទី១០-១១ ខែ មិថុនា ឆ្នាំ២០១៩ ក៏មានកម្មវិធីជជែកពិភាក្សាពីការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ផងដែរ ដោយមានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបប្រកបដោយជំនាញ និងបទពិសោធន៍។

គិតត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបាន​ចុះឈ្មោះចូលរួមមានចំនួនជាង៤០០នាក់ហើយ។ ចំណែកឯ ថ្នាក់ដឹកនាំជាន់ខ្ពស់​នៃប្រទេសអាស៊ាន និងប្រទេសអាស៊ីមួយចំនួនទៀតដែលកម្ពុជាអញ្ជើញឱ្យចូលរួម​សន្និសីទ​នេះ មិនទាន់ទទួលការឆ្លើយតបជាផ្លូវការអស់នៅឡើយទេ។ ប៉ុន្ដែ បើតាមលក្ខខណ្ឌ មន្ត្រី​ជាន់​ខ្ពស់ទាំងនោះអាចចុះឈ្មោះចូលរួមនៅថ្ងៃបើកកិច្ចប្រជុំតែម្តងក៏បាន៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ អ៊ុន រិទ្ធី