មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា​អនាម័យបរិស្ថាន

AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមិថុនា​ ឆ្នាំ២០១៩ — រដ្ឋលេខាធិការក្រសួងបរិស្ថានលោកជំទាវ ម៉ុម ថានី ​បានជំរុញដល់ប្រជាពលរដ្ឋទាំង អស់​ឱ្យ​បន្តការចូលរួមថែរក្សាអនាម័យបរិស្ថាន រួមទាំងការកែលម្អសោភ័ណភាពឱ្យបានស្អាត នៅក្នុង​​ទីប្រជុំជន​ និងគ្រប់ទីកន្លែង​។

ការថ្លែងបែបនេះរបស់លោកជំទាវ ​ក្នុង​ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៩​នេះ ក្រោមប្រធានបទ «កាត់បន្ថយការបំពុលខ្យល់» ដែលបានរៀបចំធ្វើឡើង​កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមប្រមាណ​ជិត១០០០នាក់នោះ។

លោកជំទាវបានគូសបញ្ជាក់ថា ការរៀបចំពិធីនេះឡើងមានគោលបំណងបណ្តុះ គំនិត ប្រជាពលរដ្ឋឱ្យចេះស្រឡាញ់បរិស្ថានធ្វើឱ្យបរិស្ថានស្អាត គ្មានសំរាមពាសវាលពាសកាល បណ្តុះគំនិតស្មារតី ឱ្យមហាជនទូទៅមានការយល់ដឹង និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាពអនាម័យផាសុកភាពជា កន្លែងដែលចង់រស់នៅទាំង អង្គភាពរដ្ឋ វិស័យឯកជនទូទៅ ដែលជាការរួមចំណែកក្នុងអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

លោកជំទាវបានថ្លែងទៀតថា កម្ពុជាមានការផ្លាស់ប្តូរ និងរីកចម្រើនយ៉ាងខ្លាំង ទាំង វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគជាមួយសុខសន្តិភាពសុវត្ថិភាពល្អប្រសើរ។ រាជ​រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គហាសេនាបតីតេជោហ៊ុន សែន ​បានគិតគូរខ្ពស់លើការអភិវឌ្ឍប្រកបដោយនិរន្តរភាព មិនបង្កឱ្យមានផលប៉ះពាល់ ដល់បរិស្ថាន ​រាល់គម្រោងអភិវឌ្ឍន៍ដោយនិរន្តរភាព គឺផ្តោតលើ​ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនីគ្រប់គ្រាន់ មានផ្លូវថ្នល់ល្អ ​ប្រជាពលរដ្ឋរស់នៅ មានសុខភាពល្អ។

សូមបញ្ជាក់ថា នៅក្នុង​ឱកាសទិវានេះក៏មានការដាំកូនឈើបេងក្នុងបរិវេណសាលា បឋមសិក្សាព្រហ្មនិមិត្ត ដែលជាកន្លែងប្រារព្ធពិធីនេះ និងការជិះកង់តាមដងផ្លូវផ្សព្វផ្សាយចែក​​ខិត្តប័ណ្ណដល់សាធារណជន ដែលមានខ្លឹមសារស្តីពីការទុកដាក់សំណល់រឹងសំរាមឱ្យបាន​ត្រឹមត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជៀសវាងការដុតសំណល់ដែលជាមូល​ហេតុធ្វើឱ្យមានការបំពុលខ្យល់ និងការកើនឡើងកំដៅផែនដីផងដែរ៕

ដោយ ឈុន សារ៉ាត