បេសកជនចិនប្រមាណ២.០០០នាក់ នឹងមកទស្សនាកម្ពុជា ដើម្បីឈ្វេងយល់អំពីឱកាសវិនិ​យោគ និងអបអរឆ្នាំនៃវប្បធម៌ និងទេចរណ៍កម្ពុជា-ចិន ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ -ដើម្បីអបអរសាទរឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩ រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិន បានបញ្ជូនគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍ ដែលជាបេសកជន ចិនប្រមាណ២.០០០នាក់ ឱ្យធ្វើដំណើរមកទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃ ទី០២-០៨ ខែមិថុនា ឆ្នាំ២០១៩។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងទេចរណ៍។

ឯកឧត្តម ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងបេសកជនជាច្រើន ក្នុងចំណោម២.០០០នាក់នោះ បានធ្វើដំណើរមកដល់ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងរាជធានីភ្នំពេញជាបណ្តើរៗហើយ កាលពីយប់ ថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០១៩។

តាមកម្មវិធីដែលបានគ្រោងទុក នារសៀលថ្ងៃទី០៥ ខែមិថុនានេះ ឯកឧត្ដម ចាង ស៊ុ អនុរដ្ឋ​មន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន នឹងជួបពិភាក្សាជាមួយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និងឯកឧត្ដម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា នៅទីស្ដីការក្រសួងទេសចរណ៍។

ជាមួយគ្នានេះ នារសៀលថ្ងៃទី០៥ ខែមិថុនានេះដែរ ភាគីកម្ពុជា-ចិនក៏បាននាំមកនូវវេទិកា «Business Matching Between Tour Operators of Cambodia and China» ឬហៅថា វេទិកា ផ្គូរផ្គងដៃគូធុរកិច្ចទេសចរណ៍រវាងក្រុមហ៊ុនការីទេសចរណ៍ចិន (អ្នកទិញ) ចំនួន៥០ក្រុមហ៊ុន ជាមួយក្រុមហ៊ុនការីទេសចរណ៍កម្ពុជា(អ្នកលក់) ចំនួន៥០ក្រុមហ៊ុន ផងដែរ។ ទន្ទឹមនេះ នៅ ថ្ងៃដដែលនេះដែរ ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សហការ ជាមួយភាគីចិន នឹងរៀបចំការសម្ដែងសិល្បៈរួមគ្នាកម្ពុជា-ចិន នៅសាលមហោស្រពកោះពេជ្រ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកនឹងមានពិធី លៀង​សាយភោជន៍ ស្វាគមន៍ជូនបេសកជនចិនទាំងអស់ នាល្ងាចដដែលនោះផងដែរ។

គណៈប្រតិភូបេសកជនចិនទាំង២.០០០នាក់ ដែលបានមកទស្សនាកម្ពុជា ដើម្បីឈ្វេង យល់អំពីឱកាសវិនិយោគក្នុងវិស័យទេសចរណ៍ និងជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ កម្ពុជាដល់ប្រជាជនចិន ក៏ដូចជាទាក់ទាញ  ទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

សូមជម្រាបថា «ឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន» នេះត្រូវបានផ្តួចផ្តើមឡើង ដោយក្រសួងវប្បធម៌ និងទេសចរណ៍ចិន សហការជាមួយក្រសួងទេសចរណ៍ និងក្រសួង វប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចកិច្ចសហប្រតិបត្តិការរួមគ្នា លើផ្នែក ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរបន្ថែមទៀត មានដូចជា ការជំរុញការផ្សព្វផ្សាយ ទេសចរណ៍រួមគ្នា ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការ  សម្ដែងសិល្បៈរួមគ្នាជាដើម៕

ដោយ ប៊ុនរិទ្ធ