ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំស្តើងជ័យ ទទួលបានជំនួយសង្គ្រោះបន្ទាន់

AKP កំពង់ចាម ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ -គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយ​សារខ្យល់កន្ត្រាក់ចំនួន១៩គ្រួសារស្តិតក្នុងភូមិខ្នា ក្នុងឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានទទួលអំណោយសង្គ្រោះបន្ទាន់របស់កាកបាទក្រហមកម្ពុជា យកទៅចែកជូនដោយផ្ទាល់ដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នារសៀលនាថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។

ឯកឧត្តម គួច ចំរើន បានសម្ដែងនូវការអាណិតអាសូរ និងចូលរួមសោកស្តាយជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុ ដោយខ្យល់កន្ត្រាក់ ដែលបណ្ដាលឱ្យខួចខាតផ្ទះសម្បែងនិងសម្ភារផងនោះ និងបានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខដឹកនាំពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម​ ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហម ដោយក្តីនឹករលឹក និងចូលរួមចែករំលែកនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរង គ្រោះដោយសារខ្យល់កន្ត្រាក់នេះផងដែរ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងបានណែនាំដល់ថ្នាក់ដឹកនាំខេត្តត្រូវយកចិត្តទុកដាក់តាមដាន និងជួយប្រជាពលរដ្ឋនៅពេលជួបរងគ្រោះដោយប្រការផ្សេងៗដោយមិនបានទុកឱ្យបងប្អូនប្រជាពលរដ្ឋរងដែលគ្រោះមហន្តរាយណាមួយដែលបានកើតឡើងក្នុងមូលដ្ឋា នមិនបានជួយដោះស្រាយឡើយ ព្រោះកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់ជួយដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋទូទៅ មិនប្រកាន់និន្នាការនយោបាយ ឬពូជសាសន៍ ពណ៌សប្បុរឡើយ។

ឯកឧត្តម គួច ចំរើន បានលើកឡើងថា ចំពោះអំណោយទាំងនេះវាមានលក្ខណៈតិចតួចក្ដី តែអាចជួយសម្រួលដល់ការលំបាករបស់បងប្អូនបានមួយរយៈពេលខ្លីដែរ និងបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ធ្វើយ៉ាងណាត្រូវប្រុងប្រយ័ត្នខ្ពស់នៅពេលដែលមេឃកលនឹងភ្លៀងខ្លាចនៅពេលភ្លៀងតែងតែមានផ្គររន្ទះ ខ្យល់កន្ទ្រាក់កើតឡើង សូមឱ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បំផុតពិសេសការប្រើប្រាស់គ្រឿងអេឡិកត្រូនិចដែលងាយបង្កភាពគ្រោះថ្នាក់ដល់ខ្លួន។

អំណោយដែលបានយកទៅចែកជូនដល់គ្រួសារដែលរងគ្រោះទាំង ១៩គ្រួសារ នោះមានគ្រួសាររលំផ្ទះទាំងស្រុង១គ្រួសារ ទទួលបានថវិកា ១លានរៀល  អង្ករ២៥គីឡូក្រាម ឃីត ១កញ្ចប់ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខ ១យួរ មី១កេស មុង៣ បំពង់ទឹកក្ដៅ១ ធុងទឹកកក១ និងសម្ភារផ្ទះបាយមួយចំនួនទៀត ហើយគ្រួសាររបើកដំបូលផ្ទះចំនួន ១៨ទៀតដោយគ្រួសារមួយៗ ទទួលបានថវិកា ១០ម៉ឺនរៀល  អង្ករ២៥គីឡូក្រាម ឃីត១កញ្ចប់ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី ១យួរ ត្រីខ ១យួរ មី១កេសផងដែរ៕

ដោយ ឆាយ ម៉ុត