ឯកអគ្គរដ្ឋទូតកូរ៉េបង្ហាញការពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េលើវិស័យបរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ -ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Oh Nak Young ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។

យោងលើអត្ថបទព័ត៌មាន ដែលផ្សព្វផ្សាយលើបណ្តាញសង្គម របស់ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េបានលើកឡើងពីគោលបំណងពិនិត្យមើលការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ប្រទេសកម្ពុជាមានការផ្លាស់ប្តូរនិងរីកចម្រើនយ៉ាងខ្លាំង គឺទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាមួយនឹងស្ថិរភាពនយោបាយ និងសុខសន្តិភាព។ ខេត្តព្រះសីហនុ កំពុងមានសន្ទុះក្នុងការអភិវឌ្ឍខ្លាំង ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាបានគិតគូរលើការអភិវឌ្ឍប្រកបដោយនិរន្តរភាព មិនបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។ ដូចជានៅខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍ដោយនិរន្តរភាព គឺផ្តោតលើការការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនីគ្រប់គ្រាន់ មានផ្លូវថ្នល់ល្អ ជាទីក្រុងស្អាត ប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ។

ក្នុងឱកាសនោះ ឯកឧត្តម Oh Nak Young បានបញ្ជាក់ពីគម្រោងផ្តល់បច្ចេកទេស លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃការអភិវឌ្ឍប្រកបដោយនិរន្តភាព ដែលក្នុងនោះក្រុមការ ងារនៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ មានកិច្ចសហការគ្នាដើម្បីរៀបចំផែនការបានល្អ ។

ប្រភពខាងលើដដែលបានគូសបញ្ជាក់ថា នៅក្នុងជំនួបនោះឯកឧត្តម សាយ សំ   អាល់ និង ឯកឧត្តម Oh Nak Young ក៏បានពិភាក្សាគ្នាផងដែរទាក់ទងនឹងកិច្ចសហការលើការអភិរក្សជីវៈចម្រុះនៅកម្ពុជា ៕

ដោយ ពេជ្រ ណារិទ្ធ