ឧបនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតឡាវ ឈ្វេងយល់ពីសក្តានុពល និងការវិនិយោគនៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ -នារសៀលថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សូនីសាយ ស៊ូផានដុន (SONEXAY SIPHANDONE)ឧបនាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ ព្រមទាំងគណៈប្រតិាភូបានមកបំពេញទស្សនកិច្ច និងឈ្វេងយល់ពីសក្តានុពល និងការវិនិយោគនៅខេត្តព្រះសីហនុ ខណៈដែលឯកឧត្តមដឹកនាំគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតឡាវ ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ។

ឯកឧត្តម យន្ត មីន បានជម្រាបជូនពីសក្តានុពល និងកាវិនិយោគរបស់ខេត្ត លើវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន វិស័យកសិកម្ម ឧស្សាហកម្មម និងទេសចរណ៍ ដែលជាវិស័យសម្រាប់គោលដៅធ្វើការអភិវឌ្ឍសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ក្នុងនោះមានកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ តំបន់ឆ្នេរ និងកោះចំនួន៣៣ ជាមរតកធម្មជាតិដ៏មានតម្លៃ ដែលរាជរដ្ឋាភិបាលចាត់ទុកនឹងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង តាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥ ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា វិស័យអាទិភាពឈានមុខគេក្នុងការអភិវឌ្ឍខេត្តនាពេលបច្ចុប្បន្ន រួមមាន៖ ទី១-កំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រជាលក្ខណៈជាតិអន្តរជាតិ ដែលមានទំនិញជាកុងតឺន័រចេញ-ចូលប្រមាណ ៧៣ភាគរយនៃបរិមាណទំនិញនាំចេញចូលទូទាំងប្រទេស ។ ទី២-ព្រលានយន្តហោះអន្តរជាតិបច្ចុប្បន្នបាននិងកំពុងប្រតិបត្តិការមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១០ ដែលមានជើងហោះហើរចំនួន១៣៣ជើង ក្នុងមួយសប្តាហ៍ ហោះហើរជាអន្តរជាតិមាន ៩១ជើងក្នុងមួយសប្តាហ៍ ។ទី៣- តំបន់សេដ្ឋកិច្ចពិសេសដើរតួរយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច បង្កើនការងារជូនប្រជា ពលរដ្ឋ ។ ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេស៥ កំពុងដំណើរការនិងមានរោងចក្រធំតូចសរុប ២១៩កន្លែង សិប្បកម្មអាជីវកម្មខ្នាតតូច ១.០៣៧កន្លែង និងសេវាកម្មផ្សេងៗទៀត ស្រូបយកកម្លាំងពលកម្មសរុប ៨១.៤៧៥នាក់ ស្រី ៣៨.៦៥២នាក់ ក្នុងនោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្ម មានចំនួន ៨ពាន់លានដុល្លារអាម៉េរិក ។ ឯកឧត្តម ក៏បានស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រីឡាវ ជួយផ្សព្វផ្សាយដល់ប្រជាជនឡាវ មកធ្វើទេសចរ និងវិនិយោគនៅខេត្តព្រះសីហនុ ។

ឯកឧត្តម សូនីសាយ ស៊ូផានដុន( SONEXAY SIPHANDONE) ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតឡាវមានប្រសាសន៍ថា នេះជាលើកទី៣ ដែលឯកឧត្តមបានមកដល់ខេត្តព្រះសីហនុ កាលពី ៧ឆ្នាំមុន ឯកឧត្តមបានមក ២លើក វាមានភាពខុសប្លែក កសាងបាននូវហេដ្ឋារចនាសម្ព័ន្ធ និងសូមចូលរួមអបអរសាទរចំពោះការអភិវឌ្ឍខេត្តព្រះសីហនុ មានការរីកចំរើនផ្នែកសេដ្ឋ កិច្ចយ៉ាងឆាប់រហ័ស បើធៀបនឹងខេត្តផ្សេងទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីឡាវបន្តថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមានគោលបំណង ទី១-ផ្លាស់ប្ដូរបទពិសោធន៍លើការងារវិនិយោគ ។ ទី២-សិក្សាស្រាវជ្រាវផ្សារភ្ជាប់ទេសចរណ៍ឡាវ-កម្ពុជា ។ ទី៣-ដកស្រង់បទពិសោធន៍លើវិស័យកសិកម្ម រចនាសម្ព័ន្ធ ។ ដោយមើលឃើញពីសក្តានុពល និងការវិនិយោគនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន មានផ្លូវដឹកជញ្ជូនផ្លូវសមុទ្រ មានតំបន់ឆ្នេរ កសិកម្ម ឧស្សាហកម្ម ក្នុងការផ្លាស់ប្តូទំនិញ ជាពិសេសវិស័យទេសចរណ៍បានធ្វើការទាក់ទាញភ្ញៀវទេសចររហូតជាង ២លាននាក់ ដែលប្រជាជនខេត្តព្រះសីហនុមានជាង ២២ម៉ឺននាក់ ។ ឯកឧត្តមនឹងជំរុញការចង សម្ព័ន្ធភាពជាមួយខេត្តព្រះសីហនុ និងខេត្តនៃប្រទេសឡាវ ។ ក្នុងឱកាសនោះ ឯកឧត្តមឧប នាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញអភិបាលខេត្តព្រះសីហនុ និងគណ:ប្រតិភូទៅធ្វើទស្សនកិច្ចប្រទេសឡាវនាពេលខាងមុខ ៕

ដោយ ងូ សុមុនី