ប្រមុខរាជរដ្ឋាភិបាល ជូនពរបងប្អូនសានិកឥស្លាមដែលបានបញ្ចប់ពិធីអំណត់បួសខែរ៉ាម៉ាឌន ដោយជោគជ័យ​

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ -សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់បងប្អូនសាសនិកឥស្លាម ទាំងក្នុងនិងក្រៅប្រទេស ដែលបានបញ្ចប់ពិធី​អំណត់​បួស​ខែរ៉ាម៉ាឌន ដោយជោគជ័យ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃពុធ ៣កើត ខែជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេ​ចតេ​ជោ​នាយករដ្ឋមន្ត្រី បានសរសេរថា ​​ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ​កម្ពុ​ជា​​​ខ្ញុំ និងភរិ​យា​​សូមអបអរ សាទរ និង សូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អ មហា​ប្រ​សើ​រ ជូន​ដល់​បងប្អូន សាសនិកឥស្លាមកម្ពុជាក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិក​ឥ​ស្លាមនៅ​​​ទូទាំង សកលលោកផងដែរ ដែលនៅកម្ពុជា បានបញ្ចប់ពិធីអំណត់បួសខែរ៉ាម៉ាឌន​ដោយ​ជោគជ័យ​ ក្នុងអារម្មណ៍ជ្រះថ្លា​ ក្នុងឱកាសដ៏សែនរីករាយ ស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ា(អ៊ីត អា​ល់ហ្វ៊ី​ទ្រី​​) នៅថ្ងៃពុធទី០១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤០ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃពុធ ៣កើត ខែ​ជេ​ស្ឋ​ ឆ្នាំ​​កុរ ឯកស័ក ព.ស.​២៥៦៣ ដែលត្រូវនឹងថ្ងៃទី០៥​ ខែមិថុនា ឆ្នាំ២០១៩ ។ ខ្ញុំ​​​សូម​ផ្ញើ​នូវ​ក្តី​នឹក​រ​លឹក និងសូមអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះបងប្អូនសាសនិកឥស្លាម​កម្ពុ​ជា​ ដែលបាន​ចូលរួមថែរក្សាសន្តិភាព ហើយបានគាំទ្រ និងមានជំនឿជឿជាក់មកលើការ​ដឹ​ក​នាំ​​របស់​ខ្ញុំ​ និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក។ ខ្ញុំសូមបួងសួង​ឱ្យ​បងប្អូ​ន​ទាំ​ង​អស់​សូ​ម ទទួលបាននូវសេចក្កីសុខ ​សុភមង្គល​ ក្ដីមេត្តាករុណា និងអាណិតស្រឡាញ់​ពី​អ​ល់​​ឡោះ​គ្រ​ប់ៗ​គ្នា និង សុំឱ្យអល់ឡោះទទួលយកនូវកុសលផលបុណ្យ​នៃខែបួសរ៉ាម៉ាឌន ដែល​បង​ប្អូន​បាន​គោរពប្រតិបត្តិក្នុងរយៈពេលកន្លងមកកុំបីអាក់ខានឡើយ។

គួរបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី២ ខែរ៉ាម៉ាឌន ឆ្នាំ​   ១​៤​​៤០ មូហាំម៉ាត់សករាជ សាសនិកឥស្លាមកម្ពុជា ក៏ដូចជាសាសនិកឥស្លាម​នៅក្នុងពិភព​លោ​ក​ បានបួសតមអាហារពីព្រលឹមរហូតដល់ថ្ងៃលិច ប្រមាណជាង ១៤ម៉ោង ដោយមាន​ការ​ប្រែ​ប្រួ​លតាមតំបន់ខ្លះរយៈពេលមួយខែ ក្នុងមួយឆ្នាំ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាត​ព្វកិច្ច​ទាំ​ង៥ នៃអ្នកកាន់សាសនាឥស្លាមទាំងអស់ នៅលើសកលលោក ៕

ដោយ ជឹម ណារី