អន្តរក្រសួងពិនិត្យ និងវាយតម្លៃហេតុប៉ះពាល់បរិស្ថានគម្រោងអាជីវកម្មដីក្រហម

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ -គម្រោងអាជីវកម្មដីក្រហមត្រូវបានកិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយ ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ពិនិត្យ និង ផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA)នៅទីស្តីការក្រសួងកាលពីថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា គម្រោងអាជីវកម្មដីក្រហម ខាងលើមានទីតាំងស្ថិតនៅតំបន់ភ្នំជុប ភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត របស់សហគ្រាស ឧត្តម បញ្ញា (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ដោយក្រុមហ៊ុនទីប្រឹក្សា E&A Consultant Co., Ltd. ។

ប្រភពដដែលបានឱ្យដឹងទៀតថា ជារួមអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖

១-គាំទ្រចំពោះគម្រោងអាជីវកម្មដីក្រហមរបស់សហគ្រាស ឧត្ដម បញ្ញា នៅខេត្តកំពត។ ២- សំណូមពរសហគ្រាសជួយធ្វើផ្លូវដឹកជញ្ជូនជាបេតុងនៅក្នុងភូមិ ដោយសហការជាមួយអាជ្ញាធរខេត្ដ និងក្រុមហ៊ុនចំនួន ៣ផ្សេងទៀត នៅក្នុងតំបន់នោះ។ ៣-សហគ្រាសត្រូវមានផែនការដាំដើមឈើឱ្យបានច្បាស់លាស់ និងដាក់ស្លាកសញ្ញាសម្គាល់នៅលើរណ្ដៅដី ជាពិសេសតំបន់ដែលងាយរងគ្រោះថ្នាក់។ ៤-សហគ្រាសត្រូវគិតគូរ និងមានផែនការកសាងផ្លូវដឹកជញ្ជូនផ្សេងៗឱ្យបានរួចរាល់ មុនពេលដែលផ្លូវល្បឿនលឿនកសាងហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបញ្ចៀសការកកស្ទះក៏ដូចជាបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗនៅលើដងផ្លូវ ជាពិសេសមានលក្ខណៈងាយស្រួល និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ (ឡានដឹកជញ្ជូនដីក្រហមមិនអាចបើកបរនៅលើផ្លូវល្បឿនលឿនបានទេ)។ ៥-សហគ្រាសត្រូវពិនិត្យបង្កើនមូលនិធិបរិស្ថាន និងសង្គម។ ៦-សហគ្រាសត្រូវគិតគូរពីការបំពុលខ្យល់ដែលបង្កឡើងពីសកម្មភាពគម្រោង និងការដឹកជញ្ជូន ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានដំណើរការដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្ដកំពត មន្ទីរបរិស្ថានខេត្ដកំពត តំណាងអង្គការ DPA និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងសហគ្រាស (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា E&A Consultant Co., Ltd. ផងដែរ ៕

ដោយ ពេជ្រ ណារិទ្ធ