ក្រុមជម្រើសជាតិកម្ពុជាចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ត្រៀមទទួលធ្វើម្ចាស់ផ្ទះ វគ្គជម្រុះបឋម ជើងទី១ FIFA World Cup

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ — ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាប់ផ្តើមប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមទទួល ធ្វើម្ចាស់ផ្ទះវគ្គជម្រុះបឋម ជើងទី១ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នៃព្រឹត្តិការណ៍​បាល់​ទាត់ FIFA World Cup 2022 qualification-AFC នាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។ ការហ្វឹកហាត់នេះ ធ្វើឡើង កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅកីឡដ្ឋាន AUPP រាជធានីភ្នំពេញ។

នៅក្នុងការប្រមូលផ្តុំហ្វឹកហាត់ថ្ងៃដំបូងនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានដឹកនាំដោយ​ផ្ទាល់​លើទីលាន ពីលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដែលទើបចាក​ចេញពីក្លិបសមាជិកលីគ កំពូលអូស្ដ្រាលី Melbourne Victory, លោក Filex Dalmas គ្រូបង្វឹក​ក្រុមជម្រើសជាតិកម្ពុជា និងលោក ភា សុភ័ក្រ្តា ជាគ្រូជំនួយក្រុមជម្រើសជាតិ។

យោងតាមបញ្ជីកីឡាករជម្រើសជាតិជាផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងថា ក្រុមរហស្សនាមគោព្រៃកម្ពុជាមានកីឡាករ២៥នាក់ ដែលត្រូវបានជ្រើសរើសចេញ​ពីក្លិបចំនួន១១ ក្នុងនោះមាន១០ ក្លិបជាសមាជិកលីគកំពូលកម្ពុជា គឺព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល, អង្គរថាយហ្គឺរ, បឹងកេត, វិសាខា, ក្រសួងការពារជាតិ, ភ្នំពេញក្រោន, គិរីវង់សុខ​សែនជ័យ, អគ្គិសនីកម្ពុជា និងយុវជនសាលាបាល់ទាត់ជាតិបាទី ខណៈមានសមាជិកក្លិ​ប កំពូល ម៉ាឡេស៊ីម្នាក់ គឺកីឡាករ ធារី ចន្ថាប៊ីន។

ក្រុមកម្ពុជាត្រូវប្រមូលផ្តុំហ្វឹកហាត់ត្រៀមរយៈពេល៣ថ្ងៃមុនបើកទ្វារកីឡដ្ឋានជាតិទទួលក្រុមភ្ញៀវជម្រើសជាតិប៉ាគីស្ថាន នាថ្ងៃទី០៦ ខែមិថុនាខាងមុខ សម្រាប់ជើងទី១ នៃវគ្គជម្រុះ 2022 FIFA World Cup qualification-AFC បន្ទាប់មកទើបធ្វើដំណើរទៅប្រកួតក្រៅដីជើងទី២ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងជុំទី២ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ដដែល នៅទីក្រុង ដូហា ប្រទេសកាតា ដោយសារប៉ាគីស្ថានមិនអាចធ្វើម្ចាស់ផ្ទះ នៅប្រទេសរបស់ខ្លួនបាន។

សូមបញ្ជាក់ថា សម្រាប់ក្រុមជម្រើសជាតិប៉ាគីស្ថាន ក៏បានធ្វើដំណើរមកដល់កម្ពុជា ផងដែរ កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីត្រៀមប្រកួតជាមួយក្រុមម្ចាស់ផ្ទះ​កម្ពុជា៕

ដោយ ហេង ណាលីន