ផ្ទះប្រជាពលរដ្ឋ៣២ខ្នងនៅឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រងការ​ខូតខាតដោយខ្យល់កន្ត្រាក់

AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩​  — ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណ៣២ខ្នងនៅក្នុងមូលដ្ឋានមួយចំនួននៃឃុំតាបែនស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានទទួលរងការខូចខាតដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ដែលបាន​កើតឡើង​​​កាលពីល្ងាចថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែ​មិថុនា ឆ្នាំ២០១៩ តែពុំបណ្តាលឱ្យបាត់បង់​អាយុជីវិតមនុស្សនោះ ទេ។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹង ថា ហេតុការណ៍នៃគ្រោះធម្មជាតិនេះបានកើតមានឡើងនៅវេលាម៉ោងប្រមាណជាង៥ល្ងាច ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ខណៈដែលមានភ្លៀងធ្លាក់មួយមេលាយជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ បានបោក​បក់យ៉ាងខ្លាំងប៉ះចំលើ​ភូមិមួយចំនួនរបស់​ឃុំតាបែន ស្រុកស្វាយចេកនេះ ដោយបានធ្វើឱ្យផ្ទះ​ប្រជាពលរដ្ឋ ៣២ខ្នង ត្រូវរងការខូតខាតរបើកដំបូល ជញ្ជាំង។

លោកឧត្តមសេនីយ៍ទោ បានបន្តឱ្យដឹងថា ក្រោយពេលកើតហេតុគ្រោះធម្មជាតិនេះ ភ្លាមអាជ្ញាធរដែនដី រួម​នឹងក្រុមការងារកងកម្លាំងប្រដាប់អាវុធ បានអន្តរាគមន៍ចុះភ្លាមៗជួយ ជាបន្ទាន់ដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះ ដោយបានជួយប្រមូលរៀបចំទីជម្រកស្នាក់នៅ និង ធ្វើការជួសជុលផ្ទះ​សម្បែងជូនប្រជាពលរដ្ឋ ក្រោមការជួយឧបត្ថម្ភស័ង្កសីរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ​និងមានជំនួយស្បៀងអាហារបន្ទាន់របស់កាកបាទក្រហម កម្ពុជាផងដែរ។

ក្នុងឱកាសដឹកនាំកម្លាំងនគរបាលចុះជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងឃុំតាបែន ស្រុកស្វាយចេក កាលពីព្រលប់ថ្ងៃទី០៣ ខែមិថុនាក្រោយពេលកើតហេតុនេះ លោកឧត្តមសេនីយ៍ទោ បានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យ សម្បត្តិពីគ្រោះ​ធម្មជាតិខ្យល់កន្រ្តាក់ដែលជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ចង់ជួបប្រទះ នោះឡើយ។​​លោក
ឧត្តមសេនីយ៍ទោអាត់ ខែម ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋសូមឱ្យមានការប្រុង ប្រយ័ត្នខ្ពស់ខណៈដែល​មានភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ ត្រូវប្រញាប់ប្រញាល់រកទីកន្លែង ជ្រកដែលមានសុវត្ថិភាពដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតនោះ និងបានជំរុញដល់ កងកម្លាំងប្រដាប់អាវុធ រួមជាមួយក្រុមការងារឱ្យ​បង្កើនការយកចិត្តទុកដាក់ជួយជួសជុលផ្ទះ ប្រជាពលរដ្ឋរងគ្រោះឱ្យបានលឿន ដើម្បីឱ្យពួក​គាត់មានទី​ជម្រករស់នៅបានសមរម្យឡើង វិញ ៕

ដោយ ឈុន សារ៉ាត